ប្រើធម៌ក្ដៅហើយ! ព្រមានបិទដេប៉ូខ្សាច់ និង ចាប់ឡានដឹកខ្សាច់ល្មើសច្បាប់

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបន្តព្រមានបិទដេប៉ូលក់ខ្សាច់ និងចាប់ឡានដឹកខ្សាច់ណា ដែលនៅតែបំពាន និងល្មើសច្បាប់ ។ បើមិនចង់ខុសច្បាប់សូមកុំដឹកលើសចំណុះកុំដឹកខ្សាច់សើម ត្រូវលាងកង់ឡានឲ្យស្អាត គ្របតង់ឲ្យជិត ពិសេសគឺកុំឲ្យមានខ្សាច់ជាប់កន្ទុយឡាន ដែលហូរកំពប់លើថ្នល់ជាតិ ។

ការព្រមានជាថ្មីរបស់អភិបាលខណ្ឌច្បារអំពៅ បានធ្វើឡើងក្នុងឱកាសលោករួមទាំងលោក ណុប ផា អភិបាលរង និងលោក យី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ ព្រមទាំងក្រុម ការងារជាប្រជាការពារខណ្ឌច្បារអំពៅ ចុះសម្អាតផ្លូវថ្នល់ដែលពោរពេញទៅដោយដីខ្សាច់រាយប៉ាយលើផ្លូវ បង្កបញ្ហាបរិស្ថាននានា។

គួរជម្រាបថា នៅទឹកដីខណ្ឌច្បារអំពៅ ចំណុចផ្លូវជាតិលេខមួយ ផ្លូវជាតិលេខ៣៦៩-១១០ និងផ្លូវថៃហ្គឺ កំពុងកើតមានបញ្ហាដីខ្សាច់លើផ្លូវ ដែលបង្ករឡើងដោយក្រុមឡានដឹកខ្សាច់ មិនគោរពតាមបទបញ្ជា ខណៈអាជ្ញាធរខណ្ឌច្បារអំពៅ ក៏តែងតែចុះសម្អាត និងថែរក្សាបរិស្ថានតាមក្រោយ ហើយអ្នកបង្ករចេះតែបង្ករ រីឯអ្នកសម្អាតចាំតែសម្អាត។

ទោះជាយ៉ាងណាមកដល់ដំណាក់កាល នេះហើយសាលាខណ្ឌក្ដៅស្លឹកត្រចៀកទប់លែងបាន ក៏ចេញវិធានការក្ដៅ ព្រមានបិទដេប៉ូខ្សាច់ ចាប់ឃាត់ឡានទុក និងផាកពិន័យឲ្យធ្ងន់ធ្ងរ ៕