ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសស៊ើបអង្កេត តាមចាប់ខ្លួនក្រុមសង្គមងងឹតចិន ដែលប្រកាសបង្កភាពវឹកវរ នៅក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាល ពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ បានប្រកាសថា សមត្ថកិច្ចចិន នឹងសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីបើកការស៊ើបអង្កេតចាប់ខ្លួនបុរសមួយក្រុម សង្ស័យជាក្រុមសង្គមងងឹតចិន ដែលប្រកាសបង្កភាពវឹកវរ នៅក្នុងខេត្តព្រះសីហនុ។

ការប្រកាសរបស់ស្ថានទូត ឲ្យសមត្ថកិច្ចប្រទេសទាំងពីរតាមចាប់ខ្លួនក្រុមពាលជនជាតិចិននេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​របស់បុរស​ចិន​មួយ​ក្រុម​ ដែល​ទំនង​ស្ថិត​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​របស់​ពួក​គេ​ នៅក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ហើយតាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ ដែល​​ពួក​វា​បានស្រែកប្រកាសជាភាសាចិន ដោយមានបរិវា១៨នាក់លើកដៃប្តេជ្ញា បង្កបញ្ហាអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។

ស្ថានទូតចិន បានប្រកាសជាភាសាខ្មែរ និងភាសាចិន នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតថា «ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹត ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមក្នុងពេលថ្មីៗនេះ​ បុរសជាងដប់នាក់ដែលហៅខ្លួនឯងជាជនជាតិចិនមកពីទីក្រុង [ចុងឈីង ប្រទេសចិន] បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត​ ​និយាយយ៉ាងក្អេងក្អាងថា នឹងបំពុល​ដល់សន្តិសុខនៅខេត្តព្រះសីហនុ។

«ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ​ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន​ និងកម្ពុជា​ ដេីម្បីបេីកការស៊េីបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយលេីបញ្ហាមួយនេះ»​។

ក្រោយពីបែកធ្លាយវីដេអូភ្លាម កាល​ព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៩​ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានបញ្ជាដាច់ខាត ឲ្យតាមចាប់ខ្លួនបុរសជនជាតិចិនមួយក្រុមនេះ ដែលបាន​ស្រែកប្រកាសខ្លាំងៗ ជាភាសាចិនថា​ «​កំពង់សោម​៣​ឆ្នាំ​ក្រោយ​ ចង់​ឲ្យ​វឹកវរ ​គឺ​វឹកវរ​ ចង់​ឲ្យ​សុវត្ថិភាព​ គឺ​សុវត្ថិភាព​»​៕