នគរបាលចាប់ខ្លួនជនជាតិចិនប្រុសស្រី៥នាក់ពី បទ «ចាប់ជំរិតទារប្រាក់»

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមនដឹកនាំនៅលោក យិន សាន អធិការខណ្ឌ បានចុះផ្ទាល់ដល់កន្លែងកើតហេតុឃាត់ជនជាតិចិនប្រុសស្រីចំនួន៥នាក់ ពីបទ«ចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នា និង ចាប់ជំរិតទារប្រាក់» កាលពី វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុច សណ្ឋាគារឡាក់គីស្តារ២ ទីតាំងលេខ៣៦ ផ្លូវ៣៣៦ក្រុម៣៤ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ជនជាតិប្រុសស្រីទាំ៥ នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន១-ឈ្មោះ Yan Hang Kai ភេទប្រុស ១៩ឆ្នាំ ចិន មុខរបរ ទេសចរណ៍ , ២-ឈ្មោះ Zhang Yang ភេទប្រុស ចិន ២០ឆ្នាំ មុខរបរ ទេសចរណ៍, ៣-ឈ្មោះ Li Xinmao ភេទប្រុស ១៨ឆ្នាំ ចិន មុខរបរ ទេសចរណ៍, ៤-ឈ្មោះ Wang Yan Jim ភេទប្រុស១៩ ឆ្នាំចិន មុខរបរ ទេសចរណ៍ , ៥-ឈ្មោះ Wang Yang ភេទស្រី ១៨ឆ្នាំ ចិន មុខរបរ ទេសចរណ៍ ជនសង្ស័យទាំង៥នាក់គ្មានលិខិតឆ្លង ដែនហើយ ស្នាក់នៅ ផ្ទះសំណាក់ ផ្ទះមាស ផ្លូវ ៣៧៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។
ចំណែកជនរងគ្រោះឈ្មោះ Washi Long ភេទប្រុស ២៥ឆ្នាំ ចិន ស្នាក់នៅសណ្ឋាគារឡាក់គីស្តារ២(កន្លែងកើតហេតុ) ។

បើតាមការរៀបរាប់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានបាត់លិខិតឆ្លងដែនហើយ ក៏បានមក ស្នាក់នៅសណ្ឋាគារខាងលើ រួចបានទំនាក់ទំនងជាមួយនឹងក្រុមជនសង្ស័យដើម្បីឲ្យជួយធ្វើលិខិតស្នាមនៅស្ថានទូត ចិនឲ្យ ពេលនោះក្រុមជនសង្ស័យក៏បានមកជួបនឹងជនរងគ្រោះនៅសណ្ឋាគារ រួចក៏ ចាប់ជំរិតជនរងគ្រោះដោយវាយបណ្ដាលឱ្យរងរបួស រួចថតឱ្យជនរងគ្រោះផ្ញើឱ្យបងប្អូននៅប្រទេសចិន ដើម្បីវេរលុយតាមប្រព័ន្ធវីឆាត ដើម្បីជាថ្នូរនឹងការដោះលែង ។

បន្ទាប់ពីក្រុមគ្រួសារបានវ៉េលុយសរុបប្រហែលជិត៣ពាន់ដុល្លារហើយ រហូត ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានលួចរត់រួច លុះដល់ព្រឹកថ្ងៃ ទី៨ខែតុលាឆ្នាំ២០១៩វេលា ម៉ោង ៨និង០០នាទី ជនរងគ្រោះបានមកស្ថានទូតចិន រួចក៏បានជួបនឹងក្រុមជនសង្ស័យ ហើយរាយការណ៍ប្រាប់នគរបាលការពារទូតអោយជួយអន្តរាគមន៍ឃាត់ក្រុមជនសង្យ័យ ។

ភ្លាមៗនោះនគរបាលការពារទូតចិនមកបានរាយការណ៍មកលោកយិន សាន អធិការខណ្ឌចំការមនហើយលោកអធិការខណ្ឌចំការមនបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងផ្ទាល់និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនប្រុសស្រី ៥នាក់យកមកសួរនាំនៅប៉ុស្តិ៍ទួលទំពូងទី ២ ក្រោមមកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យជាករណីជំរិតទារប្រាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ប្រគល់ឲ្យនគរបាលខណ្ឌទួលគោក ចាត់ការបន្តព្រោះថាករណីខាងលើនេះកើតនៅទឹកដីខណ្ឌទួលគោក ៕