ពលរដ្ឋ៣៨គ្រួសារទិញដីដោយស្របច្បាប់បែរ ត្រូវរងគ្រោះព្រោះប្តីប្រពន្ធថៅកែក្រុមហ៊ុនឈ្លោះគ្នា

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៣៨ គ្រួសារបានសម្រេចនាំគ្នាដាក់ពាក្យប្តឹងចូលទៅសាលាដំបូ ងខេត្តកំពង់ស្ពឺ  ដើម្បីទាមទារយុត្តិធម៌សិទ្ធស្របច្បាប់សុច្ចរិតភាព  និង  សិទ្ធិកាន់កាប់ដីធ្លីដែលពួកគាត់បានទិញដោយស្របច្បាប់ពីក្រុមហ៊ុនដែលតាដាប់បលយូត្រេឌីងខូអិលធីឌី(DETA W TRADING Co.,Ltd)

យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅប្រជាពលរដ្ឋបានប្តឹងទៅតុលាការខេត្តកំពង់ស្ពឺទាមទារឲ្យទទួលស្គាល់សិទ្ធិស្របច្បាប់ជាម្ចាស់កម្មសិទ្ធិដីធ្លីពួកគាត់ទាំង៣៨គ្រួសារមានទីតាំងស្ថិតនៅភូមិទឹកល្អក់ឃុំដំបូករូងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដែលពួកគាត់បានទិញពីក្រុមហ៊ុនដែលតាដាប់បលយូត្រេឌីងខូអិលធីឌី(DETA W TRADING Co.,Ltd) ដោយស្របច្បាប់និងមានអាជ្ញាធរទទួលស្គាល់។

ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថាកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៦ពួកគាត់ទាំង៣៨គ្រួសារបានទិញដីទំហំ៩០១,៥ហិកតាពីឈ្មោះនួនច័ន្ទមករាដែលជាតំណាងស្របច្បាប់របស់ក្រុមហ៊ុនដែលតាដាប់បលយូត្រេឌីងខូអិលធីឌី(DETA W TRADING Co.,Ltd)

ក្រោយពីទិញដីខាងលើដោយស្របច្បាប់ពីឈ្មោះនួនច័ន្ទមករាដោយមានអាជ្ញាធរភូមិឃុំនិងស្រុកបានទទួលស្គាល់ក្នុងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីទាំង៣៨គ្រួសាររួចហើយនោះពួកគាត់ដាំដុះនិងអាស្រ័យផលនៅលើដីនោះដោយបានចំណាយប្រាក់កាសជាច្រើននិងកម្លាំងញើសឈាមក្នុងការដាំដុះនិងថែទាំដំណាំរហូតដល់សព្វថ្ងៃ។

ប៉ុន្តែដោយសារតែវិវាទរវាងលោកស្រីនួនច័ន្ទមករានិងប្តីឈ្មោះរ៉ៃន័រម៉ារាវ៉ូលនី(Rainer Maria Wollny) ជនជាតិអាឡឺម៉ង់ជាប្រធានក្រុមហ៊ុនដែលតាដាប់បលយូត្រេឌីងខូអិលធីឌី(DETA W TRADING Co.,Ltd) ដែលបានប្រគល់សិទ្ធិជូនលោកស្រីនួនចន្ទ័មករាជាប្រពន្ធក្នុងការចាត់ ចែងការលក់ការធ្វើកិច្ចសន្យាការចុះហត្ថលេខា និង ផ្តិតមេ ដៃលើសំណុំឯកសារផ្សេងៗជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ពន្ធ័ លើការលក់ដីធ្លីបែរជាប្តីចោទប្រកាន់ថាប្រពន្ធរបស់លោកឈ្មោះនួនច័ន្ទមករាបានយកដីទៅលក់ឲ្យពលរដ្ឋដោយខុសច្បាប់ទៅវិញដែលបានធ្វើឲ្យប៉ះពាល់ដល់សុច្ចរិតភាពសិទ្ធិស្របច្បាប់និងផលប្រយោជន៍ស្រប ច្បាប់របស់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងធ្ងន់ធ្ងរព្រោះតែលោករ៉ៃន័រម៉ារាវ៉ូលនី(Rainer Maria Wollny) ជាប្តីបានប្តឹងចង់បានដីទាំងអស់នោះពីប្រជាពលរដ្ឋទៅវិញ។

សូមជម្រាបជូនផងដែរថាដោយសារតែជម្លោះរវាងលោក ស្រី នួន ច័ន្ទមករា និង ប្តីឈ្មោះ រ៉ៃ ន័រម៉ារាវ៉ូលនី(Rainer Maria Wollny) បានធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ខូចខាតផលដំណាំនិងខាតបង់ប្រាក់កាសជាច្រើនដោយមិនអាចថែទាំនិងអាស្រ័យផលនៅលើដីចំការដែលខ្លួនទិញដោយស្របច្បាប់បានទេព្រោះតែលោករ៉ៃន័រម៉ារាវ៉ូលនី(Rainer Maria Wollny) បានប្តឹងសុំរក្សាការពារបណ្តោះអាសន្នដោយហាមឃាត់និងដាក់កម្លាំងចាំចាប់ប្រជាពលរដ្ឋមិនឲ្យថែទាំដំណាំនិងអាស្រ័យផលនៅក្នុងដីចំការទិញស្រប ច្បាប់របស់ពួកគាត់៕