ឃុំខ្លួនជនជាតិចិន៤នាក់ដាក់ពន្ធនាគារ ពាក់ពន្ធ គ្រឿងញៀនជិត ៤០គីឡូក្រាម

ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនមួយក្រុមជាជនជាតិចិន ត្រូវបានលោក សាយ សារុន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយកាលពីនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ។

លោក សុខ កែវបណ្ឌិត ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ YUN LiANFU ភេទប្រុស អាយ ៥១ឆ្នាំ, ឈ្មោះ FENG YONGCHAO ភេទប្រុស អាយុ ៤៨ឆ្នាំ, ឈ្មោះ CHOI KA LUN ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះ LAU CHUN KiN ភេទប្រុស អាយុ៤០ឆ្នាំ ពីបទ ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្តឿងញៀន។

សូមជម្រាបថា ជនសង្ស័យទាំង ៤នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ នៅទីតាំងផ្សេងៗគ្នា ក្នុងទឹកដីរាជធានីភ្នំពេញ។

នៅក្នុងនោះ មានជនសង្ស័យឈ្មោះ YUN LIANFU ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងបន្ទប់ខុនដូជាន់ទី២៩ បន្ទប់លេខ១៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដកហូតបានគ្រឿងញៀនប្រមាណ ៣៩ គីឡូក្រាម។

បន្ទាប់ពីចាប់ខ្លួនឈ្មោះ YUN LIANFU និង ដកហូតថ្នាំញៀន៣៩ គីឡូក្រាម ជននេះបានសារភាពភ្លាមៗ ថាជារបស់ដែលគេយកមកផ្ញើឲ្យជួយលក់ ចំណែកអ្នកផ្ញើទំនងគេចខ្លួនបាត់ ក្រោយមកសមត្ថកិច្ច បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួក ចំនួន ៣នាក់បន្ថែមទៀត៕