ខ្លាំងមែន! ហ្គេមបាញ់ត្រីយីហោ 68 សង្កាត់គីឡូម៉ែត្រលេខ៦ គ្មានអាជ្ឫធរហ៊ានចុះចាប់

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីយីហោ 68 បើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះឡើយ ពិសេសនោះគឺបើកដំណើរការអស់រាប់ឆ្នាំកន្លងទៅហើយ ខណះដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើនសង្ស័យ ម្ចាស់ទីតាំងមានខ្នងធំ ។

ជាក់ស្ដែងទីតាំងខាងលើនេះស្ថិតនៅផ្លូវច្រកចូលផ្សារ ឆេកូ ( ហៅ )ផ្សារ គីឡូម៉ែត្រលេខ៦ ខាងកើតអ្នកតាក្តាម ភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋបានបន្ដទៀតថា ទីតាំងនេះសំបូរទៅដោយក្មេងៗទំនើង ក្មេងស្ទាវ និង អ្នកញៀនល្បែងចេញចូលលេងជាហូរហែរជាពិសេសពេលរាត្រី ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។

ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

មហាជននឹងរង់ចាំមើលថា តើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌឬស្សីកែវ ហ៊ានបង្ក្រាបទីតាំងល្បែងនេះដែរ ឬ ក៏ទុកលម្អក្នុងខណ្ឌបន្តទៀត ៕