ឃាត់ខ្លួនមេការ៣នាក់ និង នារីម៉ាស្សាចំនួន២៣នាក់ នៅហាងម៉ាស្សាអ័រគីដេបង្កប់បំរើសេវាផ្លូវ

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ។ ក្នុងប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សា យីហោ អ័រគីដេ ផ្ទះលេខសេ១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

យោងតាមនគរបាលជំនាញបានអោយដឹងថា ហាងម៉ាស្សានេះ បើកដំណើរការ ២៤ម៉ោង ហើយមាននារីបម្រើសេវាម៉ាស្សា និងរួមភេទចំនួន២៣នាក់ ជាជនជាតិខ្មែរ ក្នុងនោះមាន ០២នាក់ ត្រូវបានសង្ស័យថាជាអនីតិជនដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ ១៧ឆ្នាំ។

សូមបញ្ជាក់ផងដែរទីតាំងហាងម៉ាស្សាមានបន្ទប់សម្រាប់ម៉ាស្សា និងរួមភេទសរុបចំនួន២៧បន្ទប់។ ចំពោះតម្លៃសេវារួមភេទដោយប្រើដៃមានចាប់ពី ៣០ដុល្លារ ឡើងទៅ និងរួមភេទ ចាប់ពី ៥០ដុល្លារឡើងទៅ ហើយលុយដែលទទួលបានពីភ្ញៀវនោះ មួយចំនួនត្រូវបានចែកទៅឲ្យមេការ ភេទប្រុស ០៣នាក់ ដែលជាជនជាតិខ្មែរ ។

នគរបាលជំនាញបានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនធ្វើការស្រាវជ្រាវ ស៉ើបអង្កេតជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះប្រតិបត្តិការទៅឃាត់ខ្លួនមេការគ្រប់គ្រងចំនួន ៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗតែម្ដង និងដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។ក្រោយបញ្ចប់ការសាកសួរ ចំពោះអ្នកដែលពុំពាក់ព័ន្ធ នគរបាលជំនាញអនុញ្ញាតអោយត្រឡប់ទៅវិញជាធម្មតា។

បច្ចុប្បន្ននគរបាលបានឃាត់ខ្លួនបុរសមេការចំនួន០៣នាក់ជាបន្តអាសន្នដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធី ។ ចំណែកនារីបំរើម៉ាស្សាត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕