កីឡា​ការិនី ស៊ន សៀវ​ម៉ី ត្រឡប់មក ដល់​កម្ពុជា​វិញ​ហើយ​

​ភ្នំពេញ ៖ វេលា​ម៉ោង ២២៖២៥​នាទី​យប់​ថ្ងៃ​អាទិត្យ​នេះ គណៈប្រតិភូ​កីឡា​កម្ពុជា និង​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​បាន​ដណ្ដើម​មេដាយ មាស​ពី Asian Games លើក​ទី​១៧ នៅ​កូរ៉េ​ខាងត្បូង ជូន​ប្រទេស​ជាតិ បាន​អញ្ជើញ​មកដល់​ទឹកដី​កម្ពុជា​វិញ​ហើយ​។ ក្នុងឱកាស​ការមកដល់​នេះ​មាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន នឹង​កីឡា លោក ហង់ ជួនណា​រ៉ុង នឹង​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ និង កូនប្រុស​របស់​សម្តេច​តេជោ ហ៊ុន សែន លោក ហ៊ុន ម៉ា​នី ផងដែរ​។​

សូមជម្រាបថា កីឡា​ការិនី ស៊ន សៀវ​ម៉ី និង​ប្រតិភូ​កីឡា នឹង​ត្រូវ​បន្ត​ដំណើរ​ទៅ ជួប​សំដែង​ការគួរសម​ជាមួយ ប្រមុខ​រាជ​រដ្ឋភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។​

ក្នុង​ឱកាស​ដ៏​មហា​កិត្តិយស​នោះដែរ សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឲ្យ​កីឡា​ការិនី ស៊ន សៀវ​ម៉ី ជាប់​សញ្ញាបត្រ​បាក់​ឌុប ដោយ​ស្វ័យប្រវត្តិ និង​ផ្តល់​អាហារ​រូបករណ៍​, ម៉ូតូ​មួយ​គ្រឿង កុំព្យូទ័រ Apple មួយគ្រឿង និង iPad មួយគ្រឿង ព្រមទាំង​ផ្តល់​ថវិកា​ប្រចាំឆ្នាំ ចំនួន​១៥០០​ដុល្លារ​, ទឹកប្រាក់​៥​លាន​រៀល​សម្រាប់​ម្តាយ ស៊ន សៀវ​ម៉ី​, និង​ពិសេស​នោះ សម្តេច​បាន​បំពាក់​គ្រឿង​ឥស្ស​រយ​យស​ថ្នាក់​មហា​សិរិ​វឌ្ឍន៍ នឹង​ចាត់ទុក​ថា ជា​វីរនារី​កម្ពុជា ស៊ន សៀវ​ម៉ី​។ លើសពីនេះ​ជា​ការលើកទឹកចិត្ត ដល់​កីឡាការិនី ដំបូង​គេ​សម្រាប់ ប្រទេស​កម្ពុជា ក្នុងអំឡុង ជាង​៤០​ឆ្នាំ នៃ​ការចូលរួម​ប្រកួត កីឡា​អាស៊ី​ហ្គេម នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ទទួលបាន មេដាយមាស សម្រាប់​កីឡា តៃក្វាន់​ដូរនោះ កញ្ញា ស៊ន សៀវ​ម៊ី ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ពី​ហៅ​ប៉ៅ ចំនួន​១​ម៉ឺន​ដុល្លារ និង​២​ម៉ឺន​ដុល្លារ ទៀត ពី​រាជរដ្ឋាភិបាល​កម្ពុជា​។
​    ​
គួរបញ្ជាក់​ថា ពេល​ចុះ​មក​ដល់​ជួប​ជាមួយ​នឹង​អ្នកគាំទ្រ​ដែល​ឈរ ចាំ​ទទួល​នោះ កីឡា​ការិនី ស៊ន សៀវ​ម៉ី អ្នក​គ្រប់​គ្នា​ហៅថា វីរនារី​កម្ពុជា នោះ​បាន​សំ​ស្រក់​ទឹកភ្នែក ឱប​អ្នកគាំទ្រ និង​មិន​បាន​និយាយ​អ្វី​ទាំងអស់ ដោយសារ​នាង សប្បាយ​រំភើប អួរដើមក​ខ្លាំងពេក នឹង​ប្រហែលជា​នាង​មិន​នឹកស្មានថា​ថ្នាក់​ដឹកនាំ​កម្ពុជា​ផ្តល់​កិត្តិយស​ដ៏​មហាសាល​ជូន​រូបនាង ដោយ​មាន​ក្បួន​រថយន្ត​នឹង​ម៉ូតូ​មក​ចាំ​ទទួល​នាង​ទៅ​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន​ថែមទៀត ៕

image image image image image