រន្ធត់ណាស់! ឪពុកស្លាប់​ ម្តាយរបួសធ្ងន់ធ្ងរ និងកូន ២នាក់រងរបួស

ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបុកប៉ះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងក្នុងទិសដៅ ស្របគ្នាពីខេត្តព្រះសីហនុទៅភ្នំពេញ និង បណ្តាលអោយ​បុរសម្នាក់ជាឪពុកបានស្លាប់នៅនឹងកន្លែង ម្តាយរងរបួសធ្ងន់ធ្ងរ និងកូនចំនួន២របួស ។ ហេតុការណ៍នេះកើតឡើងកាលពីនៅវេលាម៉ោង០៥ និង ០០នាទីព្រឹកថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៧- ១៤៨ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

សមត្ថកិច្ចប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3E-8609 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំនុចខាងលើ បានបុកម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ សណ្តោងរុឺម៉កក្នុងទិសដៅស្របគ្នា អ្នកបើកបរឈ្មោះ ឈៀង ប៊ុនធឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរ ខេត្តព្រៃវែង អ្នកបើកបររុឺម៉ក ដឹកប្រពន្ធនឹងកូនចំនួន ០២នាក់ ។

សមត្ថកិច្ចបានបន្ដថា ឈ្មោះ ឈៀង ប៊ុនធឿន អ្នកបើកបរ (ស្លាប់នៅនឹងកន្លែង) ឈ្មោះ សាក់ សេង រងរបួស ធ្ងន់ (ប្រពន្ធ) ឈ្មោះ ធឿន ធេប រងរបួស ស្រាល (កូន) ឈ្មោះ ធឿន ធីម រងរបួស ស្រាល​ (កូន) ។

បច្ចុប្បន្ន ជនរងគ្រោះទាំងបីនាក់ត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។ ក្រោយកើតហេតុសាកសពត្រូវបានប្រគល់ជូនបងប្អូនយកទៅធ្វេីបុណ្យតាមប្រពៃណី ចំណែក រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ៕