ខ្លាំងមែន! ហ្គេមបាញ់ត្រីគល់ស្ពានភ្លោះក្នុងទីក្រុងកោះពេជ្រ អាជ្ញាធរខណ្ឌចំការមន មិនហ៊ានបង្ក្រាបសង្ស័យខ្នងធំ

ភ្នំពេញ៖ បើតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីនៅចំណុចគល់ស្ពានភ្លោះ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយ ដោយគ្មានការបង្ក្រាបពីសំណាក់នគរបាលពាក់ព័ន្ធនោះឡើយ ពិសេសនោះគឺបើកដំណើរការអស់រាប់ឆ្នាំកន្លងទៅហើយ ខណះដែលបច្ចុប្បន្ននេះនៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើនសង្ស័យ ម្ចាស់ទីតាំងមានខ្នងធំ ។ ប្រជាពលរដ្ឋបានបន្ដទៀតថា ទីតាំងនេះសំបូរទៅដោយក្មេងៗទំនើង ក្មេងស្ទាវ និង អ្នកញៀនល្បែងចេញចូលលេងជាហូរហែរ ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះ បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌ ។

ការដាក់ចេញនូវវិធានការបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទអាជ្ញាធរ ដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមាន កិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។

មហាជននឹងរង់ចាំមើលថា តើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌចំការមន ហ៊ានបង្ក្រាបទីតាំងល្បែងនេះដែរ ឬ ក៏ទុកលម្អក្នុងខណ្ឌបន្តទៀត ៕