តុលាការឃុំខ្លួនប្តីដែលច្របាច់.ក សម្លាប់ប្រពន្ធ រួចដុតផ្ទះចោលដាក់គុក

ខេត្ដកណ្តាល៖ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សម្រេចចេញដីកាឃុំខ្លួនប្តីដែលច្របាច់.ក សម្លាប់ប្រពន្ធ រួចដុតផ្ទះចោលព្រោះខឹងសុំលែង ដាក់ពន្ធនាគារបណ្តោះអាសន្ន។

តំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យពីបទ ឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសពី១០ឆ្នាំទៅ១៥ឆ្នាំ ។

សូមជម្រាបថា ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៤០នាទី នៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល និង ថ្ងៃឃាត់ខ្លួនជនសង្ស័យបាន គឺនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។

សាកសពជនរងគ្រោះជាប្រពន្ធឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី បានស្លាប់នៅក្នុងផ្ទះកន្លែងកេីតហេតុ ។ ចំណែកជនសង្ស័យជាប្ដីឈ្មោះ វ៉េង វីរៈ ហៅ លក្ខណ៍ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងផ្សាដែក ។

ជនសង្ស័យបានយល់ព្រមសារភាពពីសកម្មភាពរបស់ខ្លួនដូចខាងក្រោម ៖ នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែល បីទៅបួនថ្ងៃ ជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យមិនទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង៥ល្ងាចក៏ជិះម៉ូតូម៉ាក ហុងដាវេវ ត្រឡប់មកផ្ទះវិញ ដាំបាយ ។

រហូតដល់ម៉ោងប្រហែល ៦ជាងល្ងាច ប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ។ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសប៊ុក រហូតដល់ម៉ោង ប្រហែល៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករ៉ូបដេកយប់ មិនចាំពណ៌កំពុងចុចមើលទូរស័ព្ទ ខណៈជនសង្ស័យមើលរឿងចិនតាមទូរស័ព្ទ ។

បន្ទាប់មកជនរងគ្រោះបានរអ៊ូសុំជនសង្ស័យលែងលះគ្នាដោយបបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យបដិសេធមិនព្រមក៏ទាស់សម្ដីគ្នារហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូកដោយបានយកភួយនិងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូដាក់ដបទឹកសុទ្ធ បានប្រហែលជាងកន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ដែកកេះដុតបណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លឹះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួនរក៏ឡើងគោក ឃើញកង់គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ ។

លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការ នាំខ្លួន មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតែម្ដង ៕