ប្តីច្របាច់កប្រពន្ធរហូតដល់ស្លាប់រួចចាក់សាំងដុតផ្ទះព្រោះខឹងប្រពន្ធសុំលែង

ខេត្តកណ្តាល៖ សមត្ថកិច្ច​រក​មូលហេតុ​ឃើញ​ហើយ ប្តី​ច្របាច់ក​ប្រពន្ធ​រហូតដល់​ស្លាប់​ព្រោះខឹង​ប្រពន្ធ​សុំ​លែងលះ រួចចាក់សាំងដុត​ផ្ទះ​ចោលនៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាលកាលពីវេលា​ម៉ោង ០២និង ៤០​នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ​ចំណុច​ផ្ទះបណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ហាន ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កម្ម​កា​​រិ​នី​ស្លាប់​នៅក្នុង​ផ្ទះ​នោះ ។

បើ​យោងតាម​ចម្លើយ​របស់​បុរស​ជា​ប្តី​នៅក្នុង​របាយការណ៍​រប​ស់​សមត្ថកិច្ចឈ្មោះ វ៉េង វិ​រៈ ហៅ ល​ក្ខ័ ភេទ​​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខ​​របរ ជាង​ផ្សា​ដែក​មាន​ទីលំនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ឆ្លើយ​សារភាព​ នៅមុខ​សមត្ថកិច្ច​​ស្រុក​ស្អាង​កាលពី​ថ្ងៃទី១១ខែកញ្ញា ម្សិលមិញបានអោយ ដឹងថា នៅមុន​ពេល​កើ​ត​ហេតុ ឈ្មោះ​វ៉េង វិ​រៈ ជា​ប្តី និង​ឈ្មោះ ហាន​ស្រីមុំ ជា​ប្រពន្ធ បាន​ដេក​នៅក្នុង​បន្ទប់ ឡៅតឿ​ក្នុងផ្ទះ​ដូច​រាល់ដង​លុះដល់​ម៉ោង​កើតហេតុ ខាងលើ ក៏​ស្រាប់​តែមាន​ភ្លើ​ង ឆាបឆេះ​ក្នុង​បន្ទប់ កន្លែងដេក បណ្តាល​ឲ្យ​ឈ្មោះ ហាន​ស្រីមុំ (​ស្លាប់​)​នៅ​កន្លែងដេក និង​ឈ្មោះ វ៉េង វិ​រៈ រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរ​​ពេទ្យ​ភ្នំពេញ​ ពេលនោះ​មាន​ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​នៅ​ជិតខាង​បាននាំគ្នា​មកជួយ​ពន្លត់​ភ្លើង​ដែល កំពង់​ឆេះ បាន​រលត់ទៅវិញ​។

ក្រោយពី​បានទទួល​ព័ត៌មាន​កម្លាំង​នគរបាល​​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​ស្រុក​បាន​ចុះ​ដល់​កន្លែង​កើ​ត​ហេតុ ជួយ​អន្តរាគមន៍​​និង​ពន្លត់ភ្លើង ករណីនេះ​សមត្ថកិច្ច​ជំនាញ​ថ្នាក់​ខេត្ត និង នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ដ្រ បាន ចុះ​ពិនិត្យ​សហការ​ជាមួយ​ផ្នែក​ជំនាញ​​ស្រុក​ស្អាង ។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​​ករណីនេះ ជា​ឃាតកម្ម (​សម្លាប់​រួច​បង្កើតជា​អគ្គីភ័យ​) ផ្អែក​តាម​លទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និង​ការតស៊ូ​ស្ដាប់​ចម្លើយ​ដោយមាន ការសម្របសម្រួល ដឹកនាំ​នីតិវិធី ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកណ្ដាល និង​មានការ​បញ្ជា​ផ្ទា​ល់ពី​ឯកឧត្តម អ៊ា​វ ចំរើន ស្នងការ​នគរ​​បាល​ខេត្តកណ្ដាល​និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង ព្រមទាំង​មានការ​ចូលរួម​ពី​នាយកដ្ឋាន​បច្ចេកទេស វិទ្យាសាស្ត្រ បាន​ឈានដល់​កំណត់​មុខសញ្ញា​គឺជា ប្ដី​ជនរងគ្រោះ តែ​​ដោយ​មូលហេតុ​ជនសង្ស័យ រង​​របួស​ដោយសារ ឆាប​ភ្លើង​សាំង​ឆេះ ត្រូវ​សង្គ្រោះបន្ទាន់ ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល លុះ​មកដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​អាកា​រៈ​ធូរស្បើយ ត្រូវ​ចេញពី​មន្ទីរពេទ្យ​ទើប​សមត្ថកិច្ច​ឈានដល់​ការ នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ។ បន្ទាប់ពី​បាន​តស៊ូ​ស្ដាប់​ចម្លើយ​ទើប​ជនសង្ស័យ​បាន យល់ព្រម​សារភាព​ពី​សកម្មភាពរ​បស់​ខ្លួន ។

ជនសង្ស័យ​បាន​និយាយថា នៅ​មុនពេល​សម្លាប់​ប្រពន្ធ​ប្រហែល​បី​ទៅ​បួន​ថ្ងៃ​ខ្លួន មិន​ទៅធ្វើ​ការ​ទេ ប្រពន្ធ​ក៏​ខឹង​គំរាម​សុំ​លែងលះ ដោយបាន​និយាយថា​អស់ចិត្ត​ជាមួយ ។ លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​​មិន​ទៅធ្វើ​ការ​ទេ បាន​ទៅ​ផឹក​កាហ្វេ​មើល​មាន់​ជល់ តាម​ទូរទស្សន៍ រហូត​​ដល់​ម៉ោង ៥​ល្ងាច​ក៏​ជិះ​ម៉ូតូ​ម៉ាក ហុងដា​វេ​វ ត្រឡប់មកផ្ទះ​វិញ ដាំបាយ លុះដល់​ម៉ោង​ប្រហែល ៦​ជាង​ល្ងាច ប្រពន្ធ​បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​​រោងចក្រ​វិញ ទិញ​ម្ហូប​ឆ្អិន​ស្រាប់​មកជា​មួយ បាននាំគ្នា​ហូបបាយ​បន្ទាប់មក​ប្រពន្ធ​បាន​ចូលទៅ​ងូតទឹក រួច​ឡើងទៅ​បន្ទប់​ឡៅតឿ ចំណែក​ខ្លួន​នៅ​ខាងក្រោម​ដេក​មើល ហ្វេ​ស​បុក រហូតដល់​ម៉ោង ប្រហែល​៩​ជាង​យប់ ក៏​ឡើងទៅ​​បន្ទប់​ឡៅតឿ​ដេក​ជាមួយ​ប្រពន្ធ​ពេលនោះ​ប្រពន្ធ​របស់ ស្លៀក​រូប​ដេក​យប់ មិន​ចាំ​ពណ៌ កំពុង​ចុច​មើល​ទូរ​សព្ទ័​ចំណែក​ខ្លួន​មើល​រឿង​ចិន​តាម​ទូរ​សព្ទ័ បន្ទាប់មក​ប្រពន្ធ​បាន​រអ៊ូ សុំ​លែងលះគ្នា​ដោយ​បបួល​ទៅ​ផ្ដិត​មេ​​ដៃ​នៅផ្ទះ​មេភូមិ តែ​ខ្លួន​បាន​បដិសេធ​មិន​ព្រម​ក៏​ទាស់សំដី​គ្នា​រហូត​ឈានដល់​ងើប​ទៅ​សង្កត់​ប្រពន្ធ​ពីលើ​ហើយ​ច្របាច់ក រហូតដល់​ស្លាប់​តែម្ដង ។

បន្ទាប់មក​ខ្លូន​ក៏បាន​ប្ដូរ​សម្លៀកបំពាក់​ប្រពន្ធ និង​​ដាក់​ឲ្យ​ដេក​លើ​ពូក​ដោយបាន​យក​​ភួយ​ ​និង​ខោអាវ គរ​គ្របពីលើ រួច​ចុះមក​ក្រោម កាត់​ទុយោ​សាំង​ម៉ូតូ​បង្ហូរ​សាំង​ដាក់​ដប​ទឹក​សុទ្ធ បាន​ប្រហែល​ជាង​កន្លះ​លីត្រ​យកទៅ​ជះ ក្នុង​បន្ទប់​ខាងក្រោម​រួច ឡើងទៅ​ជះ​ស្រោច​ជញ្ជាំង បន្ទប់​ឡៅតឿ រួច​ទាញ​អាវ​​យឺត​ពាក់​ចុះមក​បន្ទប់​ខាងក្រោម​វិញ​កេះ ដែកកេះ​ដុត​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ រាល​រលាក​ទាំង​ខ្លួនឯង​ផង​​ទៀត ទើប​ខ្លួន​ដោះអាវ​យឺត​​ចេញ រួច​ស្ទុះ​បើក​គ​ន្លិះ​ទ្វារផ្ទះ​រត់ចេញ​ទៅ​លោតទឹក​ទន្លេ​ខាងលិច​ផ្ទះ​បណ្ដែត​ខ្លួន​ចម្ងាយ​ប្រហែល​ជាង ១.០០០​ម៉ែត្រ​ក៏​ឡើងគោក ឃើញ​កង់​គេ​ទុកចោល​ទាញ​ជិះ​ទៅផ្ទះ​ឪពុក​បង្កើត ។ លុះ​ទៅដល់​ផ្ទះ​ដោយ​ឃើញ​ស្នាម​រលាកភ្លើង​ធ្ងន់ធ្ងរ​ពេក​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។​

​គួររំលឹកថា ក្រោយពេល​កើតហេតុ​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ពិសេស​ក្រុម​សាច់ញាតិ​ជនរងគ្រោះ​បានដាក់​ការសង្ស័យ​ទៅលើ​មុខសញ្ញា​បុរស ជា​ប្តី​រហូត​ក្រុម​សាច់ញាតិ​បាន​ទទូច​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​មូលហេតុ​លើ​ករណីនេះ​ដើម្បី​ផ្តល់​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ ។​ ​ឥឡូវ​រក​មូលហេតុ​ឃើញ​ហើយ យុត្តិធម៌​ក៏បានផ្តល់​​ជនរងគ្រោះ​ដែរ ។ ប៉ុន្តែ​រឿង​ដែល​កាន់តែ​សង្វេក​នោះ គឺ​កូនតូច​ពីរ​នាក់​ត្រូវ​កំព្រា​ឪពុកម្តាយ​ដោយសារ​ករណីនេះ ៕​