សម្តេច​តេជោ​ ហ៊ុន សែន​​ តម្រូវ​ឱ្យ​យក​លុយ​ដែល​បាន​មក​ពីការ​ផលិត​ប្រេង​នៅ​កម្ពុជា​​ ប្រើប្រាស់​​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បំរើ​ឱ្យ​ការ​អភិវឌ្ឍ​ជាតិ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យក្រុមអ្នកសព័ត៌មានដឹងថា​ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ នាវិមានសន្តិភាព​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា លុយដែលបានពីការផលិតប្រេងកាត​ មិនយកទៅប្រើក្នុងការចំណាយចរន្តឡើយ តែគឺសំរាប់ប្រើក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបំរើអភិវឌ្ឍន៍ជាតិ។

សូមបញ្ជាក់ថា កម្ពុជាទើបនឹងប្រកាសឱ្យប្រើប្រាស់នូវច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩​ កន្លងទៅ ហើយច្បាប់នេះមានគោលបំណង ជំរុញអភិវឌ្ឍវិស័យប្រេងកាត ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព​ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែ​ម បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា តំបន់​ប្រេង​នៅ​សមុទ្រ មាន​ចំនួន​៦​ប្លុក គឺ​ប្លុក A.B.C.D.E និង​ប្លុក​F ប៉ុន្តែ​ប្លុក​A និង​ប្លុក​B នឹង​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដោយ​ក្រុមហ៊ុន KRISENERGY របស់​ប្រទេស​សិង្ហ​បុរី ។

តំបន់​ប្លុក​A អាច​ផលិត​បាន​នៅ​ដំណាក់កាល​ទី​១ ចំនួន​៣១​លាន​បារ៉ែល ហើយ​ប្លុក​C មាន​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​កំពុង​សិក្សា​ស្រាវជ្រាវ និង​ប្លុក​មួយ​ចំនួន​ទៀត​មាន​ក្រុមហ៊ុន​ផ្សេង​កំពុង​ដាក់​ពាក្យសុំ​រុករក និង​ស្រាវជ្រាវ​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ។ ចំណែក​តំបន់​ប្រេង​នៅ​លើគោក​វិញ គឺ​បាន​រក​ឃើញ​នៅ​ខេត្តកំពង់ធំ ដោយ​មាន​ចំនួន​១៩​ប្លុក ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ប៉េ​ត្រូ​របស់​វៀតណាម​បាន​ដាក់​ពាក្យសុំ​សិក្សា​ស្រាវជ្រាវ និង​ប្លុក​ប្រេង​ចំនួន​១៨​ប្លុក​ទៀត គឺ​ពុំ​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ស្ម័គ្រចិត្ត​ចូល​ឡើយ ៕​