សាឡង់ដឹកប្រេងក្រុមហ៊ុន«សាវីមីច» បើកប៉ះស្ពានបាឡេឬស្សីកែវ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកចរាចរណ៍លើស្ពានដែកបាឡេឬស្សីកែវជាបណ្តោះអាសន្នដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន «សាវីមិច»របស់របស់លោកឧកញ៉ា សេង សាវី ប្រធានក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី បុកកាលពីរសៀលថ្ងៃម្សិលមិញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានសម្រេចផ្អាកចរាចរណ៍ស្ពានដែកបាឡេឬស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែ មានសាឡង់ដឹកប្រេងបុកកាលពីយប់មិញ។

លោក សាំ ពិសិដ្ឋ បានបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងចុះពិនិត្យទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបាឡេឬស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់របស់លោកឧកញ៉ា សេង សាវី ប្រធានក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី បុកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ៕