ប្រហើនមែន! ធាក់ប្លន់យកម៉ូតូបានសម្រេចនៅខណ្ឌដង្កោ រួចជិះគេចខ្លួនបាត់ស្រមោល

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពធាក់និងប្រើកាំភ្លើងផ្ជុងប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចរួចជិះគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ នៅចំនុចមុខសាលាបឋមសិក្សាទួលអំពិល ក្នុងសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហ៊ុន ណូន ភេទប្រុសអាយុ៣៩ឆ្នាំមុខរបម្ចាស់ហាងស៊ុបមួយកន្លែង ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងមានស្រុកកំនើតភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ជិះម៉ូតូឌ្រីមសង់០១៨ ពណ៌ខ្មៅ ឡើងសេរ៊ី០១៩ ពាក់ស្លាកលេខភ្នំពេញ1HA- 9569 ធ្វើដំណើរពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខ ជិះស្របទិសគ្នាមកពីក្រោយបានធ្វើសកម្មភាពជិះកឿរួចធាក់ឲ្យដួលហើយដកកាំភ្លើងខ្លីផ្ជុងគំរាមដោយភ័យខ្លាចជនសង្ស័យបាញ់ គាត់ក៏រត់ចេញពីម៉ូតូហើយជនសង្ស័យឃើញឱកាសល្អក៏បានលើកយកម៉ូតូជិះឆ្ពោះទៅទិសខាងត្បូងគេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ច ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌដង្កោបានចុះមកដល់ចំនុចកើតហេតុ និងបានដឹកជនរងគ្រោះមកប៉ុស្ដិ៍គរបាលរដ្ឋបាលដង្កោដាក់ពាក្យបន្ដឹងនិងសាកសួរ ដើម្បីស្រាវជ្រាវនិងកំណត់មុខសញ្ញាឈានទៅចាប់ខ្លួនជនសង្ស័យទាំងនោះមកផ្ដាន្ទាទោសតាមផ្លូវច្បាប់ ៕