តូចចិត្ដប្រពន្ធរត់ចោចោលលេបថ្នាំសម្លាប់ខ្លួន ផ្អើលសមត្ថកិច្ចជួយទម្លុះទ្វាជួយសង្គ្រោះ

ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តិផ្លូវចិត្ត ព្រោះតែប្រពន្ធកូន នាំគ្នាចុះចោលបានតែ៣ថ្ងៃ ក៏សម្រេចចិត្តគិតខ្លី ចាក់សោចូលសម្ងំក្នុងបន្ទប់ជួល ប៉ុនប៉ងធ្វើឃាត ដោយលេបថ្នាំសម្លាប់ខ្លួន តែមិនបានសម្រេច ផ្អើលប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ជួយគាស់ចូលជួយសង្គ្រោះបានទាន់ពេល។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលពេញភូមិ កាលពីវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃព្រហស្ប ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីប៉ុនប៉ងធ្វើឃាត ដោយលេបថ្នាំសម្លាប់ខ្លួនឯង មិនបានសម្រេចនេះ ជនរងគ្រោះមានឈ្មោះ ម៉ាប់ អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ចំពោះមូលហេតុដែលធ្វើឲ្យជនរងគ្រោះសម្រេចចិត្តគិតខ្លីបែបនេះ គឺមានវិបត្តិផ្លូវចិត្ត (ប្រពន្ធ និងកូន ចុះចោល) បាន៣ថ្ងៃប៉ុណ្ណោះ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ បានដឹងភ្លាម ក៏បានឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ និងសង្កាត់-ភូមិ សហការគ្នាចុះទៅពិនិត្យមើលកន្លែងកើតហេតុ ជាក់ស្ដែងឃើញនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះមានចាក់សោរជាប់ពីក្នុងបន្ទប់។

ទើបកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ១ សហការជាមួយសាច់ញាតិម្ចាស់ផ្ទះ បានជួយគាស់សោទ្វារចូល ក្នុង ដើម្បីពិនិត្យមើល និងជួយសង្គ្រោះ ជាក់ស្ដែងឃើញគាត់នៅមានជីវិតនៅឡើយ។ បច្ចុប្បន្ន បងប្អូនសាច់ញាតិ បានឱ្យសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះ មកដឹកយកជនរងគ្រោះ យកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ៕