មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ៖ មន្រ្តីថ្នាក់ក្រោម មិនហ៊ានចុះចាប់រថយន្តដឹកលើសទម្ងន់ ដែលមានខ្នងបង្អែកធំៗ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ នឹងដឹកជញ្ជូន បានអះអាងថា មន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោម ខ្លាចក្នុងការចាប់រថយន្ត ដឹកលើសទម្ងន់ និងមិនគោរពច្បាប់ចរាចរណ៍ ព្រោះមន្ត្រីទាំងនោះ ខ្លាចអ្នកមានអំណាចនៅពីក្រោយខ្នង។

លោក សេង ជួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អនុវត្តច្បាប់ចរាចរណ៍ ប្រចាំខែកក្កដា ឆ្នាំ២០១៩ នារសៀលថ្ងៃទី៤ ខែកញ្ញាថា លោកចុះផ្ទាល់ក្នុងការចាប់រថយន្តដែលមិនគោរពច្បាប់ តែនៅចុះខាងមន្ត្រីថ្នាក់ក្រោម មិនសូវមានការសហការនោះទេ ព្រោះថា មន្ត្រីទាំងនោះខ្លាចអ្នកមានខ្នងធំៗ។

លោកបន្តថា កន្លងមកក៏មានការចោទប្រកាន់ថា មានការយកលុយកាក់ ដើម្បីដោះស្រាយ ចំពោះការចាប់រថយន្ត ដែលមិនគោរពច្បាប់ផងដែរ ប៉ុន្តែលោកថា លោក មិនបានធ្វើអំពើ ឬយកសំណូក ដូចជាចោទនោះទេ។

លោកបន្តថា បានធ្វើនៅក្រសួងនេះមិន ពុករលួយនោះទេ ហើយអាណិតលោក រដ្ឋមន្ត្រីណាស់ ដែលបានខំធ្វើការងារនេះយ៉ាងខ្លាំងដោយមិនខ្លាច អ្នកធំណាឡើយ គឺធ្វើតាមច្បាប់មានជាធរមាន ។ ជាមួយគ្នានោះដែរលោក សេង ជួន បានស្នើឲ្យមន្ត្រីសមត្ថកិច្ចទាំងអស់ ធ្វើការសហការគ្នាគោរពច្បាប់ទាំងអស់ ព្រោះថាការធ្វើការ មិនអាចធ្វើតែម្នាក់បាននោះទេ៕