យុវជន២នាក់ជិៈម៉ូតូលឿនទៅបុកប៉ូលិសបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ​ ៖ យុវជន២នាក់ ជិះម៉ូតូធំមួយគ្រឿង​ ម៉ាក Duke-KTM 200 ឌុបគ្នា​បោះពួយល្បឿនលឿន​ ទៅបុកម៉ូតូសមត្ថកិច្ច​ ដែលត្រឡប់មកពីល្បាតវិញ បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯសមត្ថកិច្ចរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ខាងលេីនេះ​បានកេីតឡេីង​នៅវេលាម៉ោង១និង១០នាទីយប់​ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍​ ទី៥ ខែកញ្ញា ឆ្នាំ២០១៩នេះ​ នៅចំណុចគោលដៅប្រចាំការ ស្តុប២៤ម៉ោង លេីផ្លូវហាណូយ កែងផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុងភ្នំពេញ។

យោងតាមសំដីសមត្ថកិច្ចរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ គាត់បានបើកម៉ូតូប្រដេញមួយគ្រឿងរបស់អង្គភាព ម៉ាក​ FTR ពណ៍ខៀវ​ ពាក់ស្លាកលេខ នគរបាល​ 1.7595ត្រលប់មកពីល្បាតវិញយកកន្ទេល​ យកមកក្រាលសម្រាកនៅចំណុចគោលដៅខាងលើ​ ហេីយមកឈប់ម៉ូតូអែបនៅមុខគោលដៅ​មិនទាន់បានចុះពីលេីម៉ូតូផង​ ស្រាប់តែមានយុវជន២នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាក Duck-KTM 200 ពណ៌ខ្មៅ លាយក្រហម ពាក់ស្លាកលេខភ្នំពេញ​ 1FF-1792 ឌុបគ្នា​ បោះពួយលឿនពេក​ តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ទិសដៅ​ពីកេីតមកលិច​ បានមកបុកចំម៉ូតូរបស់គាត់​ពីក្រោយពេញទំហឹង​ ប៉ើងខ្ទាតទាំងម៉ូតូទាំងមនុស្សបោកនឹងថ្នល់ទាំងបីនាក់ បណ្ដាលឲ្យយុវជនទាំង២នាក់នោះរងរបួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងភក់​ សន្លប់បាត់បង់ស្មារតី​ និងប៉ះម៉ូតូធំមួយគ្រឿងទៀត​ ម៉ាក​ XR ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល​ 1-9116​ របស់សមត្ថកិច្ចដែលចតទុកចោលលេីចិញ្ចេីមផ្លូវ​គោលដៅខាងលេី​ បណ្ដាលឲ្យដួលខូចខាត​បន្តិចបន្តួច​ផងដែរ ចំណែកឯសមត្ថកិច្ច ក៏ជួយទាក់ទងរថយន្តសង្គ្រោះមកដឹកយុវជនទាំងពីរនាក់នោះ​ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ​ ។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចគោលដៅប៉ុស្តិ៍២៤ម៉ោងខាងលេី​ បានរាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ​ ផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ចុះមកវាស់វែង និងយកម៉ូតូទាំង៣គ្រឿង​ យករក្សាទុក​បណ្ដោះអាសន្ន​ ដេីម្បីរងចាំ​ធ្វេីការដោះស្រាយគ្នា​ តាមផ្លូវច្បាប់ ៕