សាហាវណាស់! ស្ត្រីម្នាក់ត្រូវបានឃាតករស្លាប់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់

កំពង់ធំ៖ ករណីប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារយណ៍ នៅវេលាម៉ោង៥ជាងព្រឹកថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៩ ។ ជនរងគ្រោះឈ្មោះ ឌួល ឃៀង ភេទស្រី អាយុ ៥១ឆ្នាំ មុខរបរលក់មំបញ្ចុក នៅតូបមុខផ្ទះ មានទីលំនៅភូមិ-ឃុំកើតហេតុ។

តាមការរៀបរាប់របស់កូនស្រីច្បងជនរងគ្រោះ ឈ្មោះ គុយ ឃិត បានឲ្យដឹងថា ម្ដាយខ្លួនមានកូនចំនួន ៤នាក់ ស្រីទាំងអស់ ដោយ ៣នាក់ ទៅធ្វើការនៅប្រទេសថៃ ខណ:បច្ចុប្បន្ន ជនរងគ្រោះជាម្ដាយ រស់នៅជាមួយខ្លួន និងចៅតូចៗពីរនាក់។ប្រភពពីអ្នកជិតខាង បានបន្ថែមថា កន្លងមកជនរងគ្រោះ តែងតែលក់នំបញ្ចុក នៅតូបមុខផ្ទះជារៀងរាល់ព្រឹក តែនៅវេលាកើតហេតុ ពុំឃើញជនរងគ្រោះ មកលក់ដូចរាល់ដង ឃើញតែចៅស្រីអាយុ ៦ឆ្នាំម្នាក់ អង្គុយយំនៅមាត់ទ្វារ ក៏នាំគ្នាមកមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ទើបរាយការណ៍ទៅសមត្ថកិច្ច។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យសមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីអំពើឃាតកម្មប្រាកដមែន។ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពឱ្យកូនចៅយកធ្វើបុណ្យតាមប្រពៃណី៕