ក្រុមហ៊ុនលោកឧកញ៉ា ជឹម សុខ បើកដៃឲ្យឈ្មួញវៀតណាម ចូលមកដឹកគោដឹកក្របី ដល់ក្នុងដីខ្មែរយ៉ាងគគ្រឹកគគ្រេង

ព្រៃវែង៖ក្រុមហ៊ុនអង្គរសុខសារិទ្ធិមានជ័យ របស់លោកឧកញ៉ា ជឹម សុខ ជាឧកញ៉ាមានអំណាចម្នាក់និងជាឈ្មួញនាំគោក្របីទៅវៀតណាមត្រូវប្រជាពលរដ្ឋរិះគន់ថា បានបើកដៃឲ្យរថយន្តជនជាតិវៀតណាម និង កម្មករវៀតណាម មកដឹងគោក្របី ដល់ទឹកដីខ្មែរ ខុសពីច្បាប់បានកំណត់ឲ្យ។

ប្រភពព័ត៌មាន បញ្ជាក់ថា ឧកញ៉ា ជឹម សុខ បានទទួលអាជ្ញាប័ណ្ណពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានសិទ្ធិនាំគោក្របីទៅលក់នៅប្រទេសវៀតណាមក្នុងមួយឆមាស (៦ខែ) ចំនួន ៥០០០ក្បាល ដែលក្នុងមួយថ្ងៃអាចនាំគោក្របីចេញប្រហាក់ប្រហែល ៣០ក្បាលប៉ុណ្ណោះ ប៉ុន្តែផ្ទុយពីអាជ្ញាប័ណ្ណលោក ឧកញ៉ា ជឹម សុខ ប្រធានក្រុមហ៊ុន អង្គរសុខសារិទ្ធិ មានជ័យ បានអនុញ្ញាតឲ្យ រថយន្តយីឌុបធំៗរបស់ឈ្មួញវៀតណាម និងកម្មករវៀតណាមរាប់រយនាក់ ចូលមកដឹកគោក្របីក្នុងទឹកដីខ្មែរ ជារៀងរាល់ថ្ងៃចាប់តាំងពីម៉ោង៤ភ្លឺ ក្នុងមួយថ្ងៃៗរាប់សិបឡាន ក្នុង១ឡានៗ មិនក្រោម៣០ក្បាលគោក្របីនោះឡើយ។

ដូច្នេះក្នុងមួយថ្ងៃគោក្របីមិនក្រោម ៥០០ក្បាលឡើយដែលត្រូវលោកឧកញ៉ា ឲ្យគេដឹកចេញទៅប្រទេសវៀតណាម នៅចំណុចច្រករបៀងស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលចំនួននាំចេញបែបនេះ វាលើសពីការកំណត់របស់ក្រសួងជាង ១០ដងក្នុងមួយថ្ងៃៗ។

ក្នុងនោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអោយដឹងថា ចាប់តាំងពីលោក ឧកញ៉ា ជឹម សុខ បើកដៃឲ្យក្រុមហ៊ុន និងកម្មករវៀតណាម ចូលមកដឹកគោក្របីដល់ដីខ្មែរមក ពួកគាត់បានបាត់ប្រាក់ចំណូលប្រចាំថ្ងៃពីការដឹកគោក្របីឆ្លងដែនអស់ហើយរលីង។

ជុំវិញរឿងខាងលើនេះ «ដំណឹងយប់មិញ» មិនទាន់បានទំទាក់ទំនងទៅលោក ឧកញ៉ា ជឹម សុខ ប្រធានក្រុមហ៊ុន អង្គរសុខសារិទ្ធិមានជ័យ និង លោក ចិន វិសាល ប្រធានមន្ទីរពសុព្យាបាលសត្វខេត្តព្រៃវែងនៅឡើយទេ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង៕