បញ្ចូនខ្លួនស្ត្រីជាប្រពន្ធដែលរៀបចំគម្រោងសម្លាប់ប្តី ទៅឲ្យតុលាការចាត់ការតាមច្បាប់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះបានបញ្ចូនខ្លួនស្ត្រីជាត្រូជាប្រពន្ធជនរងគ្រោះទៅឲ្យតុលាការចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធសំណុំរឿង រៀបចំគម្រោងសម្លាប់ប្តីជាគ្រូបង្រៀន នៅខណ្ឌសែនសុខ ។

ស្ត្រីជាជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ហៅ ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ ជាមួយប្តីសពឈ្មោះរឿន រតនា នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។


គួររំលឹកថា ​កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនថ្នាក់ទី៩នៅវិទ្យាល័យទួលប្រសាទ ខណ្ឌសែនសុខ ត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាចំនួនបីគ្រាប់​បណ្តាលឲ្យស្លាប់ នៅចំណុចផ្លូវបេតុងច្រកចូលមណ្ឌលកែប្រែឱកាសខ្ញុំ​ប្រមាណជា២០០ម៉ែត្រ​ភូមិសំរោង ក្នុងសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាប្រពន្ធខាងលើ មុនដំបូងតាមការសាកសួរសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាកន្លងមកជនសង្ស័យជាប្រពន្ធរស់នៅមិនសូវចុះសម្រុងជាមួយប្តី «សព»នោះទេ ។ បន្ទាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់បែបនេះ សមត្ថកិច្ចជំនាញ បានហៅជនសង្ស័យជាប្រពន្ធមកធ្វើការសាកសួរជាច្រើនចំណុច ដោយមានការសង្ស័យ ដំបូងជនសង្ស័យបានកុហកថា ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រីនៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះ(ប្តី) ថាជនរងគ្រោះបានទៅធ្វើបុណ្យនៅឯស្រុកកំណើតឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយកម្លាំងជំនាញបានសាកសួរច្រើនចំណុចជាន់កែងជនសង្ស័យជាប្រពន្ធបានសារភាពប្រាប់សមត្ថកិច្ចថា នាងជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនឯងដោយសារជនរងគ្រោះជាប្តីរស់នៅមិនចុះសម្រុងនឹងគ្នាទើបនាងសម្រេចចិត្តធ្វើបែបនេះ ។

ជនសង្ស័យជាប្រពន្ធសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកប្តី«សព » របស់នាងក៏ធ្លាប់មានទំនាស់ ពាក្យសំដីគ្នាជាមួយអតីតមិត្តប្រុស(ខ្មាន់កាំភ្លើង) ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នាខ្មាន់កាំភ្លើង ដើម្បីរៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនតែម្តង។

លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈជនរងគ្រោះជាប្តីនាងបាន ទៅបុណ្យនៅឯស្រុកកំណើត នាងក៏បានទូរស័ព្ទឲ្យខ្មាន់កាំភ្លើងត្រៀមធ្វើសកម្មភាព ព្រោះនាងបានទូរស័ព្ទបង្ខំឲ្យប្តីប្រញាប់មកផ្ទះដោយមានការសំខាន់ ហើយប្តី«សព»របស់នាងបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ ពេលនោះនាងបានទូរស័ព្ទទៅប្រាប់ឲ្យខ្មាន់កាំភ្លើងចាំផ្លូវមុន លុះពេលជនរងគ្រោះមកដល់ កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង ហើយភ្លាមៗនោះខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួន ដោយបានទូរស័ព្ទប្រាប់នាងថា បាញ់សម្លាប់បានសម្រេចហើយ ។

បន្ទាប់ពីមានហេតុការណ៍បាញ់ជនរងគ្រោះ ស្ត្រីដែលជាជនសង្ស័យ (ប្រពន្ធ) បានទៅកន្លែងកើតហេតុ ហើយបានធ្វើជាយំសោក បោកខ្លួន ហាក់បីដូចជាមិនដឹងរឿងអ្វីទាំងអស់ ៕