លោកចៅក្រម រស់ សាម៉ឺឌី ដោះលែងអ្នកចាំទទួលទិញរបស់ចោរម្នាក់ និង ឃុំខ្លួនចោរលួចស្លាកលេខរថយន្ត២នាក់

ភ្នំពេញ៖ ក្រុមចោរលួចស្លាកលេខរថយន្តគ្មានសំណាង ២នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ម១ ចំណែកអ្នកចាំទទួលទិញត្រូវលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ នៃសាលា ដំបូងរាជធានីភ្នំពេញដោះលែងវិញ ក្រោមហេតុផលដាក់ក្រោមការត្រួតពិនិត្យ ពិតជាសំណាងល្អ។

ជនត្រូវចោទដែលត្រូវលោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញដោះលែង មានឈ្មោះ សេន សឿន ហៅ តាម៉ាប់ ភេទប្រុស​ អាយុ ៤៩ឆ្នាំ។ ចំណែកជនត្រូវចោទដែលត្រូវឃុំខ្លួនរួមមាន ឈ្មោះ សុខ ជា ហៅ យឿង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម និងឈ្មោះ ម៉ែន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ២៨ឆ្នាំ​ ជនជាតិ​វៀតណាម​។

ក្រុនជនត្រូវចោទ ត្រូវបានលោក សេង គីមឡាក់ ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់ទៅឲ្យលោក រស់ សាម៉ឺឌី ជាចៅក្រមស៊ើបសួរចាត់ការតាមច្បាប់ ។ ក្រោយមកមានជនត្រូវចោទ ២នាក់ប៉ុណ្ណោះដែលត្រូវឃុំខ្លួន ខណៈបក្ខពួកចោរម្នាក់ត្រូវរួចខ្លួន អាចត្រលប់ទៅប្រកបមុខរបរចាស់វិញ ដោយសារតែលោកចៅក្រមសម្រេចឲ្យស្ថិតក្រោមការត្រួតពិនិត្យ។

គួររម្លឹកថា ក្រុមជនត្រូវចោទទាំង ៣នាក់ខាងលើ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនភ្លាមៗ កាលយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេធ្វើសកម្មភាព លួចស្លាកលេខរថយន្តម៉ាកព្រូស និងបទទទួលផលចោរកម្ម​ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២A ផ្លូវលេខ ៣៩៥ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​៕