ស្ទាក់ប្លន់ម៉ូតូមួយគ្រឿងមិនបានរត់ទៅប្លន់មួយគ្រឿងទៀត តែមិនសំណាងជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ កម្លាំងនគរបាលចម្រុះខណ្ឌដង្កោបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ក្រោយរូបគេធ្វើសកម្មភាពប្លន់ម៉ូតូពីរករណីផ្ទុនៗគ្នាតែមិនបានសម្រេច ដោយហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ទី០១ ឈ្មោះ ជា ស្រីណាល់ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់កំរាលព្រំ មានទីលំនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ , ជនរងគ្រោះទី០២ ឈ្មោះ យឹម វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ អ៊ុំ ប្រុស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ២០E1 ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៧និង២៥នាទី ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ និងប្តីឈ្មោះ សុខ សុខុន បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-2061 ឌុបគ្នា ចេញពីផ្ទះស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅលក់កំរាលព្រំនៅផ្សារបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលនោះជនរងគ្រោះឈ្មោះ ជា ស្រីណាល់ និងប្តីជិះម៉ូតូចេញពីផ្ទះតាមផ្លូវបេតុងបានចំងាយពីផ្ទះប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិកំរៀងខាងលើ ស្រាប់តែជួបជនសង្ស័យឈ្មោះ អ៊ុំ ប្រុស កំពុងឈរនៅលើផ្លូវបេតុង ហើយក៏បានដោះស្បែកជើងផ្ទាត់ ពណ៌ឈាមជ្រូក គប់ត្រូវភ្នែកខាងឆ្វេងរបស់ជនរងគ្រោះឈ្មោះ ជា ស្រីណាល់ ដែលកំពុងជិះម៉ូតូជាមួយប្តីបណ្តាលអោយជាំភ្នែកខាងឆ្វេង ។

បន្ទាប់មកឈ្មោះ សុខ សុខុន (ប្តីរបស់ជនរង គ្រោះ) បានឈប់ម៉ូតូស្រែកអោយប្រជាពលរដ្ឋជួយ និង រាយការណ៍ប្រាប់សមត្ថកិច្ចហើយជនសង្ស័យក៏បានរត់គេចខ្លួនទៅទិសខាងកើត ដល់ចំណុចមុខការដ្ឋានសាងសង់ផ្ទះល្វែង ស្ថិតនៅភូមិកំរៀងដូចគ្នា ដែលមានចំងាយពីកន្លែងកើតហេតុទី០១ ប្រវែងប្រហែល២០០ម៉ែត្រ ក៏បានជួបជនរងគ្រោះម្នាក់ទៀតឈ្មោះ យឹម វណ្ណា កំពុងជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-8007 ម្នាក់ឯងពីលិចទៅកើត ជនសង្ស័យក៏បានស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះឈ្មោះ យឹម វណ្ណា ចាប់ដៃម៉ូតូរបស់ជនរងគ្រោះ បណ្តាលអោយដួល រួចស្រែកសំឡុតគំរាមជនរងគ្រោះឈ្មោះ យឹម វណ្ណា អោយចេញឆ្ងាយ ពីរូបគេ (ជនសង្ស័យ) រួចជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួន ហើយជនរងគ្រោះឈ្មោះ យឹម វណ្ណា ក៏បានស្រែកឆោឡោ អោយអ្នកជិតខាងជួយ ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលកំពុងតែជិះម៉ូតូល្បាតក្បែរនោះ ជួយអន្តរាគមន៍ស្ទាក់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងភស្តុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជន សង្ស័យ) ពិតជាបានធ្វើសកម្មភាពវ៉ៃយកម៉ូតូរបស់ជនរងគ្រោះទាំង០២នាក់ខាងលើ ប្រាកដមែន ហើយជនរងគ្រោះទាំង០២នាក់ក៏បានមកដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។ ដោយបច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌដង្កោរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕