សមត្ថកិច្ចគ្រប់គ្រងអគ្គិភ័យឆាបឆេះរោងចក្រពូក បានទាំងស្រុង តែបន្ដកាយគំនរបាក់រលំ និង កម្ទេចអាគារ

ភ្នំពេញ៖ អគ្គិភ័យដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងអគាររោងចក្រផលិតពូកកម្ពស់៦ជាន់ ទល់មុខពេទ្យរុស្ស៊ី នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ ប៉ុន្ដែរហូតមកដល់ល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចកំពុងបន្ដប្រតិបត្តិការកាយគំនរអគារដែលបាក់រលំ និង រង់ចាំវាយកម្ទេចអាគារដែលត្រូវឆាបឆេះជាបន្ដ ។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន៤៦ គ្រឿង ដើម្បីចេញមកជួយសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ជាង៣០០ឡាន ហើយឡានទឹកទាំងអស់នេះមានទាំងរប ស់សមត្ថកិច្ច និង ក្រុមហ៊ុនឯកជន ដែល បានរួមដៃគ្នាយ៉ាងស្អិតរមួតតាំងពីថ្ងៃ កើតហេតុដំបូង ។

ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យបានបញ្ជាក់ទៀតថា អគារដែលត្រូវអគ្គិភ័យវាយប្រហារមានចំនួន៣ទីតាំង និងរោងសិប្បកម្មធំមួយកន្លែង ដោយក្នុងនោះ អគារកម្ពស់៤ជាន់មានពីរ ប៉ុន្ដែមួយបានដាក់រលំដល់ដី និងមួយទៀតបានប្រេះជាបំណែក ដោយ ឡែកសម្រាប់អគារកម្ពស់៦ជាន់ មិនទាន់រលំបាននោះទេ ហើយសម្រាប់រោងសិប្បកម្មវិញត្រូវភ្លើងឆេះទាំងស្រុង។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្ហាញដែរថា អគារដែលត្រូវភ្លើងឆេះនេះ មានម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ៦៣ឆ្នាំ ហើយការឆាបឆេះនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាល មកពីឆ្លងចរន្តអគ្គិសនី ប៉ុន្ដែគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ ហើយក៏មិនរាលដាលទៅផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះដែរ។

សូមជម្រាបថា នៅវេលាម៉ោង១២ និង ៣០ នាទីថ្ងៃត្រង់ទី ២៤ សីហា ឆ្នាំ២០១៩ កម្លាំងជំនាញបានសម្រេចចាប់ផ្តើមវាយ កម្ទេចនៅអគារដែលឆាបឆេះដោយ ផ្តើមចេញពីមួយចំហៀងអគារសិន ហើយការធ្វើឡើងនេះគឺត្រូវមានការប្រុងប្រយ័ត្នបំផុត ។

ប្រភពបន្តថា ប្រតិបត្តិការវាយកម្ទេច អគារខាងលើគឺ នឹងត្រូវធ្វើ២ដំណាក់ កាល ដំណាក់កាលទី ១- គឺត្រូវ វាយ របង ដែលនៅ ហ៊ុម ព័ទ្ធ ជុំវិញ អគារ នោះសិន ក្រោយ មក ត្រូវ ប្រើអេស្កាវ៉ាទ័រ ប្រមូល កាយកាកសំណល់ ទាំងនោះ និង ដំណាក់ទី២- ទើបត្រូវ បន្ត វាយកម្ទេ ចសំណង់អគារទាំងមូលតែម្តង ហើយក្នុងការប្រើអេស្ការវ៉ាទ័រ កាយកាកសំណ ល់អគារទាំងនោះក៏ត្រូវការបាញ់ទឹកលើ គំនរឆេះបណ្តើរៗដែរ ដើម្បីពន្លត់ រងើក ភ្លើងដែលវានៅសេសសល់តិចតួច និង ជៀសវាងបង្កកើតមានអគ្គិភ័យជាថ្មី ទៀត ។

សូមរំលឹកថា គិតត្រឹមម៉ោង១១ និង​៣០នាទីព្រឹកថ្ងៃទី ២៤ សីហា ឆ្នាំ២០១៩ អគារ​ដែលឆាបឆេះត្រូវបានរលត់ស្ទើរ​​១០០%​ហើយ គ្រាន់តែនៅសល់រងើក​ខ្លះ​ៗសល់ពី​គំនរ​ខាង​​ក្នុង​អគារ​ដែលឆាប ឆេះ​ហើយ​​ កម្លាំងសមត្ថ​កិច្ច​ក៏កំពុង​​បន្តការ​បាញ់​ទឹក​​ស្រោច​ឱ្យត្រជាក់​​​លើ​សំណង់​អគារ​​ឱ្យ​អស់​ផ្សែង​ទាំង​ស្រុងតែម្តង ស្ថិតនៅចំណុចភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌ​មានជ័យ ។ ​

សូមរលឹកថា គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះបានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែសីហាម្សិលមិញមកម្ល៉េះ ដែលផ្តើមឆេះចេញពីរោងចក្រសិប្បកម្មផលិតពូក ទើបរាល ដាលដល់អាគារចំនួន៣ទៀតនៅជាប់នោះ ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន៕