អាជ្ញាធរកំពុងវាយកម្ទេចអគាររោងចក្រផលិតពូកដែលអគ្គិភ័យឆាបឆេះ

ភ្នំពេញ៖ អគាររោងចក្រផលិតពូក ដែលអគ្គិភ័យឆាបឆេះនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នឹងត្រូវបានអាជ្ញាធរវាយកម្ទេចចោល ។
បើគិតមកត្រឹមម៉ោងជាង១១ព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៩ អគ្គិភ័យឆេះអគាររោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មិនទាន់រលត់ទេ ហើយសមត្ថកិច្ចកំពុងបន្តបាញ់ពន្លត់នៅឡើយ ខណៈអគារត្រូវបានឆេះខូចខាតទាំងស្រុង។

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ នៅទីតាំងអគ្គិភ័យគេឃើញវត្តមានលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពគ្រោះអគ្គិភ័យនេះ។ លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ និងវិស្វករជំនាញ ដើម្បីសិក្សាពីផលប៉ះពាល់នានា ជុំវិញបញ្ហាឆាបឆេះអគារផលិតពូកនេះ។

គួរជម្រាបថា គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែសីហាម្សិលមិញមកម្ល៉េះ ដែលផ្តើមឆេះ ចេញពីរោងចក្រសិប្បកម្មផលិតពូក ទើបរាលដាលដល់អាគារចំនួន៣ទៀតនៅជាប់នោះ ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន៕