តុលាការសម្រេចឃុំខ្លួនចោរមួយក្រុម ពាក់ព័ន្ធករណីបាញ់ប្លន់ កក្រើកក្រុងភ្នំពេញ

ភ្នំពេញ៖ បើតាមមន្ដ្រីសាលាដំបូងរាជធនីភ្នំពេញបានដឹងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះថា លោកស្រី អ៊ុក រ៉េតគន្ធា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនចោរមួយក្រុម ពាក់ព័ន្ធករណី បាញ់ប្លន់ ក្នុងរាជធានីភ្នំពេញ ដាក់ពន្ធនាគារព្រៃស (ម១)បណ្ដោះអាសន្ន ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ៖ ទី១ មានឈ្មោះសុច ចន្ធ័រិនហៅហ្និន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២ មានឈ្មោះសំ បណ្ឌិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១១ អឺ២ ផ្លូវ១៤២ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ទី៣ មានឈ្មោះ កែវ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញ មុខជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ពាក់ព័ន្ធនិងករណីប្លន់ប្រដាប់អាវុធ ដកហូតម៉ូតូ២គ្រឿង ១គ្រឿងរបស់ជនរងគ្រោះ និងដកហូតកាំភ្លើងខ្លីម៉ាក់K៥៩ មួយដើមផងដែរ ។

គួររំលឹកថា កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩ វេលាម៉ោង៦និង ៣០ នាទី ជនសង្ស័យឈ្មោះសុច ចន្ធ័ ហៅនិន បានធ្វើសកម្មភាពឆក់កាបូបស្ពាយប្រដាប់ដោយអាវុធខ្លី នៅចំណុចផ្ទះលេខ៤៩៤ អឺអូ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ដោយជនសង្ស័យបានជិះម៉ូតូម៉ាក Zoomerx ពណ៌ស ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BR- 3436 ដោយមានអាវុធខ្លីមួយដើមម៉ាកK៥៩ មួយដើមមានចំនួន៨គ្រាប់ ជនសង្ស័យបានជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើឃើញជនរងគ្រោះកំពុងឈរនៅជិតម៉ូតូម៉ាកPCX ពណ៌ស បានកាន់កាបូបដាក់លើម៉ូតូ ភ្លាមនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពជិះម៉ូតូទៅជិតឆក់កាបូបពីជនរងគ្រោះបានសម្រេចរួចជិះម៉ូតូគេចខ្លួន ជនរងគ្រោះបានស្រែកឆោឡោពេលនោះប្ដីជនរងគ្រោះបានឮក៏បានទាញម៉ូតូដេញតាមសង្ស័យ រហូតដល់ចំណុចមុខផ្ទះលេខ១៦៩អឺ០ ផ្លូវលេខ៣៣៦ សង្កាត់វាលវង់ខណ្ឌ៧មករា ក៏តាមទាន់ហើយយកជើងធាក់ម៉ូតូជនសង្ស័យបណ្ដាលឱ្យដួលទាំងអស់គ្នា ភ្លាមនោះប្ដីរបស់ជនរងគ្រោះក៏បានទាញកាបូបបានពីជនសង្ស័យវិញ ជនសង្ស័យបានទុកម៉ូតូខ្លួនចោលរត់លើកម៉ូតូរបស់ជនរងគ្រោះម៉ាក PCX រត់បានប្រហែលជា ៣០ម៉ែត្រ ជនរងគ្រោះបានចុចតេឡេបញ្ជាឱ្យរលត់ម៉ាស៊ីន ជនសង្ស័យបានដួលម៉ូតូ ជ្រុះកាំភ្លើងទៅលើថ្នល រួចរើសវិញហើយបាញ់សំដៅទៅជនរងគ្រោះចំនួន ២គ្រាប់តែចេញបានមួយគ្រាប់ ប៉ុន្តែមិនត្រូវជនរងគ្រោះនោះទេ។

បន្ទាប់ពីបាញ់ជនរងគ្រោះរួចជនសង្ស័យក៏បានកាន់អាវុធខ្លីរត់តាមផ្លូវលេខ២១៥ សង្កាត់វាល់វង់ ដល់ចំណុចមុខភោជនីយ ដ្ឋានប៉ៃហឺ ក៏ឃើញជនរងគ្រោះ២នាក់ប្រុសម្នាក់ស្រីម្នាក់ កំពុងជិះម៉ូតូឌុបគ្នាម៉ាក MOOVE ខ្មៅផ្ទៃមេឃស៊េរី២០១៨ ស្លាកលេខភ្នំពេញ 1GY -2324 ជនសង្ស័យក៏បានយកអាវុធខ្លីភ្ជង់ទៅលើជនរងគ្រោះបានសម្រេចរួចជិះគេចខ្លួនបាត់ ។ រហូតដល់ថ្ងៃទី១៨នៅវេលាម៉ោង៧និង៣០នាទី ខាងការិយាល័យសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារថ្មី១បានឃាត់ខ្លួនជនសង្ស័យ២នាក់ ខាងលើដោយដកហូតម៉ូតូMOOVE មកវិញផងដែរ បន្ទាប់ពីឃាត់ខ្លួនបក្សពួកបាន២នាក់រួច កម្លាំងការិយ៉ាល័យបានធ្វើការស្រាវជ្រា វរហូតបានឃាត់ខ្លួនជនដៃដល់តែម្តង ។ ក្រោយពីធ្វើការបង្ហាញមុខរួចកម្លាំងការិយាល័យបានបញ្ចូនក្រុមជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់តែម្ដង ៕