នាយនគរបាលប៉ុស្តិ៍ និង នាយរងប៉ុស្តិ៍ ឃុំព្រែកអំបិល ត្រូវហៅមកសួរនាំនៅស្នងការ រឿង ទីតាំងជល់មាន់ដ៏ធំ នៅស្រុកស្អាង

ខេត្ដកណ្ដាល៖ នាយនគរបាលប៉ុស្តិ៍ និងនាយរងនគរបាលប៉ុស្តិ៍ឃុំព្រែកអំបិល ត្រូវបានស្នងការ នគរបាលខេត្តកណ្តាល បានហៅមកសួរនាំ ដែលអាចប្រឈមនឹងវិន័យរដ្ឋបាល ពាក់ព័ន្ធល្បែងស៊ីសង (ជល់មាន់ និង បាញ់អា ប៉ោង) កើតនៅក្នុងទឹកដីរបស់ខ្លួន រហូតមានការចុះបង្ក្រាបពីសំណាក់កម្លាំងនគរបាលអន្តរាគមន៍របស់ស្នងការដ្ឋាន នៅថ្ងៃចូលឆ្នាំកន្លងទៅថ្មីៗនេះ។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានប្រាប់ថា មន្រ្តីនគរបាលទាំង២នាក់ ពិតជាត្រូវបានលោកកោះហៅមកសួរនាំមែន ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងនៅក្នុងទឹកដីរបស់ខ្លួន រហូតមានមនុស្សរាប់សិបនាក់បានចូលលេង។ យ៉ាងណាក៏ដោយ ការសម្រេចបែបណា ទៅលើមន្រ្តីនគរបាលទាំង២រូបនេះ លោកមិនទាន់បានបញ្ជាក់នៅឡើយទេ ដោយរង់ចាំការសួរនាំ និងមានវិធានការនៅតាមក្រោយ។

សូមបញ្ជាក់ថា កាលពីថ្ងៃចូលឆ្នាំថ្ងៃទី១ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ និងបាញ់អាប៉ោងទ្រង់ទ្រាយធំ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលបានដំណើរការលេងយ៉ាងគឃ្លើន មុនពិធីបុណ្យចូលឆ្នាំ និងក្នុងពិធីបុណ្យចូលឆ្នាំ ដែលមានអ្នកចូលលេងជាង ២០០នាក់។

មុនឈានដល់ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងដ៏ធំមួយនេះ មានប្រជាពលរដ្ឋរាយការណ៍មកលោកផ្ទាល់តែម្ដង ហើយលោកបានសុំគោលការណ៍ និងបទបញ្ជាពីអគ្គស្នងការនគរបាលជាតិ ហើយត្រូវបានអគ្គស្នងការបញ្ជាឲ្យចុះបង្ក្រាប ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី។

ជាលទ្ធផល ទីតាំងស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ជាកន្លែងដែលមានភូមិសាស្ដ្រស្មុគស្មាញ ពិបាកក្នុងការចូលបង្ក្រាប ដែលនៅពេលនេះអ្នកចូលលេងល្បែងរាប់សិបនាក់ បាននាំគ្នារត់បាតជើងសព្រៀត ដោយដកហូតបានតែរថយន្ដ២គ្រឿង និងម៉ូតូ ៨១គ្រឿង ព្រមទាំងឃាត់ខ្លួនបានមនុស្ស៤នាក់ប៉ុណ្ណោះ។

ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ប្រតិបត្តិការនេះត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងទៀតថា នៅពេលដឹកម៉ូតូចេញពីកន្លែងបង្ក្រាប ក៏មានចលនាឲ្យមានការទាមទារដាក់ម៉ូតូចុះមកវិញ រហូតមានគោលការណ៍ពីអគ្គស្នងការនគរបាល ឲ្យធ្វើការសម្របសម្រួលដោយវិធានការដំបូង តម្រូវឲ្យមានការអប់រំ ប្រគល់ម៉ូតូត្រឡប់ទៅវិញ និងធ្វើការស្រាវជ្រាវតាមនីតិវិធីដើម្បីមានវិធានការច្បាប់ជាបន្ដបន្ទាប់ទៀត។

គួរជម្រាបថា សម្រាប់ប្រតិបត្តិការនៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យ ចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីយកមកសួរនាំនោះ រួមមាន ទី១៖ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២៖ ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ ៣១ឆ្នាំ។ ដោយឡែក ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)៕