សម្តេចតេជោ ហ៊ុន សែន៖ ចូលឆ្នាំ៣ថ្ងៃ បានបញ្ចប់ដោយក្តីរីករាយទូទាំងប្រទេស, សូមប្រជាពលរដ្ឋបើកបរប្រុងប្រយ័ត្នបំផុត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងសារថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលត្រូវបានប្រារព្ធក្នុងរយៈ៣ថ្ងៃនេះ បានបញ្ចប់ដោយក្តីរីករាយទូទាំងប្រទេស ហើយសម្តេចបានសំណូមពរសូមឲ្យប្រជាពលរដ្ឋ មេត្តាបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «ថ្ងៃចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ គឺបានបញ្ចប់ដោយក្តីសប្បាយរីករាយនៅទូទាំងប្រទេស។ បងប្អូនមួយចំនួនក៏នៅបន្តជួបជុំក្រុមគ្រួសារ កម្សាន្តសប្បាយនៅតាមភូមិ និងតាមរមណីយដ្ឋាននានា និងមួយចំនួនទៀតបានរៀបចំធ្វើដំណើរវិលត្រឡប់មកកាន់គេហដ្ឋាន និងកន្លែងធ្វើការងារវិញ»។

សម្តេចបន្តថា «ថ្ងៃនេះចរាចរណ៍តាមផ្លូវអាចចង្អៀតកកស្ទះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបើកបរប្រុងប្រយ័ត្នខ្លាំងបំផុត។ កុំបើកវ៉ាប្រជែងយកលឿនរៀងខ្លួន ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ដោយប្រការចៃដន្យណាមួយ»។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរសូមឲ្យប្រជាពលរដ្ឋ មេត្តាបើកបរដោយមានគុណធម៌ និងយោគយល់ខ្ពស់ឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចជួយការពារសុវត្ថិភាព និងសម្រួលចរាចរណ៍ឲ្យប្រជាពលរដ្ឋធ្វើដំណើបានស្រួលផងដែរ។

លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបួងសួងសូមឲ្យប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករ-កម្មការរនី ធ្វើដំណើរបានសុខសប្បាយតាមផ្លូវ និងសូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕