តុលាការប្រកាសសាលក្រម សំណុំរឿងអតីតអភិបាលខេត្ដតាកែវ ពាក់ព័ន្ធ ឃាតម្ម នៅព្រឹកស្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ ករណីសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ក្រោយបានបញ្ចប់សវនាការកាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ ។

ក្នុងពេលសវនាការ កន្លងទៅ ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថាពុំបានសម្លាប់ស្រីកំណាន់នាង ចេវ សុវឌ្ឍនា ទេ ដោយសុំឱ្យតុលាការរកយុត្តិធម៌ ។ ជាការកត់សម្គាល់ជនជាប់ចោទ ឡាយ វណ្ណៈ ហ៊ានស្បថចំពោះមុខ ក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែន សូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់អត់ចាប់ជាតិទៅចុះ”។ ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតកយកសពទៅព្យួរក ជាប់បង្អួច ។

ករណីឃាតកម្មនេះ ដំបូងឡើយត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការ ស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីនេះ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ ។

លោក ឡាយ វណ្ណៈ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ដោយ ឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ៕