Update: ពុលអាហាស្លាប់២នាក់ ឪពុក កូន ឯម្ដាយកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យ

ព្រះសីហនុ៖ មួយគ្រួសារមានសមាជិក៣នាក់ ស្រាប់តែពុលថ្នាំក្នុងអាហារបណ្ដាលឲ្យស្លាប់២នាក់ ឪពុក និងកូន រីឯម្ដាយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះទាំង០៣ រួមមាន ឪពុកមានឈ្មោះ លី ខេង ភេទប្រុស អាយុ ៤៣ឆ្នាំមុខរបរ ម៉ៅការ(ស្លាប់) និងកូនស្រីឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស (ស្លាប់) ម្តាយឈ្មោះ ម៉ីង ចាន់ផល ភេទស្រី អាយុ ៤១ មុខរបរ អ៊ុតសក់ កំពុងសង្គ្រោះនៅពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។

ទាក់ទិនទៅនឹងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា នៅមុនកើតហេតុទូរស័ព្ទមកបងស្រីក្នុងបំណងបបួលទៅហូបអាហារនៅខាងក្រៅប៉ុន្តែនៅពេលដែលរូបគាត់ តេមករកបងស្រីជាច្រើន លើកច្រើនសារតេមិនចូល ហើយក៏ សម្រេចចិត្តមកហៅបែរជាគ្មានការឆ្លើយតប ។

ពេលនោះសាច់ញាតិជនរងគ្រោះ បានរកអ្នកជិតខាងនិងប្តឹងសមត្ថកិច្ចឲ្យជួយគាស់ទ្វារដើម្បីចូលទៅមើលតើមានរឿងអ្វី ប៉ុន្តែនៅពេលបើកទ្វាររួចហើយ រឿងរ៉ាវដ៏រន្ធត់មួយបានកើតឡើងដោយឃើញបងថ្លៃនិងក្មួយបានដេកស្លាប់ទៅហើយ ឯបងស្រីនៅមានដង្ហើម ទើបកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យសាកសព និងកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបន្ដ៕