ញាក់សាច់ ! ដឹកទំនិញបែបនេះ ទើបហៅថា១ដឹង១ មិនខាតជើង

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង៧និង៥០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានធ្វើការរថយន្ត១គ្រឿង ដែលដឹកទំនិញអេតចាយច្រើនហួសប្រមាណ ព្រមទាំងហៅម្ចាស់មកធ្វើការអប់រំ និង ធ្វើការផាក់ពិន័យតាមច្បាប់ ។

កំពូលរថយន្តដឹកទំនិញ ដែលសមត្ថកិច្ចឃាត់ពិន័យនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8776 បានដឹកទំនិញអេតចាយជាច្រើនបាវគរត្រួតពីលើគ្នាឡើង ខ្ពស់សំពីងសំពោង ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយចាប់ឃាត់ សមត្ថកិច្ចបានហៅម្ចាស់មកធ្វើការអប់រំ និងធ្វើការផាកពិន័យ តាមច្បាប់ចរាចរណ៍ផ្លូវគោក និងតម្រូវឲ្យទម្លាក់បាវទំនិញចុះដឹកតាមសម្រួលត្រឡប់ទៅវិញ ចៀសវាងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដទៃទៀត ៕