ឈប់ម៉ូតូបត់ជើងតូចមួយភ្លែត ត្រូវចោរលួចទៅបាត់ ពេលចាប់បានចោរឆ្លើយថា ខ្លួនមិនមែនចោរទេ !

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះនិងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ ព័ន្ធករណី លួច ម៉ូតូបានសម្រេច ។ ហេតុការណ៍កើតឡើងកាលពីវេលា ម៉ោង ០៩ និង ៣០ នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ជនសង្ស័យមានឈ្មោះ ត្រឹក ប៉ុណ្ណារ៉ា អាយុ២៩ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់ ហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ 1HA-9569 ចេញពីម្ដុំស្ទឹងមានជ័យ គោលបំណងជិះឡើងផ្លូវ៣៧១ ប៉ុន្ដែមិនទាន់ដល់ផងជនរងគ្រោះឈប់បត់ជើងតូច ហើយមិនបានដកសោរ ស្រាប់តែពេលនោះជនសង្ស័យបានលួចឡើងជិះម៉ូតូគេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូ លុះដល់ម៉ោង១០ យប់ថ្ងៃខែឆ្នាំដដែលជនរងគ្រោះក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ក៏ដេញតាមឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុន យកមកសួរនាំតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបដិសេធថា ខ្លះមិនបានលួចបានលួចម៉ូតូរបស់ជនរងគ្រោះទេ ខ្លួនបានដោះដូរម៉ូតូរបស់ខ្លួនជាមួយជនសង្ស័យម្នាក់ទៀតដោយថែមលុយឲ្យចំនួន៣០០ដុល្លារទៀត ។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕