រថយន្ត LEXUS GS470​ ផ្ទុះធុងហ្គាស់​ ឆេះអ្នកបេីករលាកពេញខ្លួនប្រាណ

ខេត្តកណ្ដាល​ ៖ មានករណីផ្ទុះធុងហ្គាសបំពាក់លើរថយន្តស៊េរីទំនេីប LEXUS GS470 បណ្តាលអោយភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ធ្វើឲ្យបុរសម្នាក់ជាតៃកុងរថយន្ត បានរងរបួសរលាកពេញខ្លួនយ៉ាងធ្ងន់ធ្ងរ និងឆេះរាលដាលខូចខាតរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខកណ្តាល​ 2B-1385 ព្រមទាំងរៀលដាលដល់ផ្ទះលក់សម្ភារៈក្មេងលេង(គ្រឿងជ័រ) មួយកន្លែងទៀត ហេីយត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅ និងរថយន្តពន្លត់អគ្គិភ័យ​ជាច្រេីនគ្រឿង កំពុងចេញជួយអន្តរាគមន៍​ ។

ហេតុការណ៍អគ្គិភ័យ​ខាងលេីនេះ​បានកេីតឡេីង​នៅវេលាម៉ោង​០១រសៀល​ ថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវមុខផ្សារតាខ្មៅ(ចាស់) មាត់ស្ទឹងតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ ។

យ៉ាងណាមិញ​មនុស្សដែលត្រូវឆេះរលាកពេញខ្លួនប្រាណនោះ​ កំពុងត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះលក្ខណៈបឋម​ តាមជាក់ស្តែង​សិនប៉ុណ្ណោះ​ ដោយកំពុងរងចាំរថយន្តសង្គ្រោះ​ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ ។ ចំពោះមូលហេតុ​ដែលបណ្ដាលឲ្យកេីតមានអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់អោយដឹងនៅឡេីយទេ​ សូមរងចាំព័ត៌មានពិស្ដារ​ ពីសមត្ថកិច្ចក្រុងខ្មៅបន្តិចទៀតនេះ៕