មន្ដ្រីនគរបាលអន្ដោប្រវេសន៍៥នាក់ ជិះក្នុងរថយន្ដជាមួយគ្នាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់៤នាក់

កំពត៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ចំនួន៥នាក់ ជិះក្នុងរថយន្ដជាមួយគ្នា បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្ដសណ្ដោងរ៉ឺម៉កដឹកស៊ីម៉ង់ ពីក្រោយដែលគ្មានភ្លើងបំភ្លឺ បណ្ដាលឲ្យស្លាប់៤នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣ទាបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ៤ និងលេខ៥ លើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្ដទាំងពីរគ្រឿងនេះ បានបើកបរក្នុងទិសដៅស្របគ្នា ដោយរថយន្ដរបស់មន្ដ្រីនគរបាល ម៉ាក Highlander ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Z-0241 លុះដល់ចំណុចកើតហេតុ បានបុករថយន្ដសណ្ដោងរម៉កដឹកស៊ីម៉ង់ ពីក្រោយដែលគ្មានភ្លើងបំភ្លឺ ពាក់ស្លាកលេខព្រះសីហនុ3A-1861។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ៤នាក់ស្លាប់បាត់បង់ជីវិត ដែលជិះក្នុងរថយន្ដ Highlander ដោយទី១៖ឈ្មោះ ងួន សារ៉ាត់ អាយុ៣៤ឆ្នាំ មុខរបរបម្រើការងារនៅព្រែកចាក (អ្នកបើកបរ) ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ, ទី២៖ឈ្មោះ ញឹប ភីរក្ស ឋានន្ដរស័ក្ដិ ថ្នាក់វរសេនីយ៍ឯក, ទី៣៖ឈ្មោះ តាន់ ផេង អាយុ៣៧ឆ្នាំ ឋានន្ដរស័ក្ដិ វីរសេនីយទោ, ទី៤៖ឈ្មោះ ឃី ឡុក អាយុ៤០ឆ្នាំ ឋានន្ដរស័ក្ដិ វីរសេនីយទោ អ្នកទាំងបីស្លាប់នៅក្នុងរថយន្ដតែម្ដង និងទី៥៖ឈ្មោះ ថៃ វីរ អាយុ៣៥ឆ្នាំ ឋានន្ដរស័ក្ដិ អនុសេនីយ៍ឯក រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ដោយឡែក អ្នកបើកបររថយន្ដសណ្ដោងរ៉ឺម៉កដឹកស៊ីម៉ង់ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ៕