ជនបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនោះត្រូវបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ហើយ

រាជធានីភ្នំពេញ៖ ជនដែលបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹងថ្នល់ ត្រូវបានក្រុមហ៊ុនដែលខ្លួនបម្រើ សហការជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យរូបនេះ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញរបស់លោក បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយ លោកក៏បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ ហើយនៅមុននេះបន្តិច ក្រុមហ៊ុនបានសហការជាមួយសមត្ថកិច្ចអាវុធហត្ថ ដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

សូមរំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

ស្ត្រីដែលជាអ្នករងនូវអំពើហិង្សាបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ បុរសបង្កអំពើហិង្សាបានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ។ ដោយឃើញរថយន្តបើកលឿនស្ទើរតែបុកខ្លួនដែលកំពុងដើរនោះ នារីរងគ្រោះ ក៏បានលាន់មាត់ថា ប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ ។ ស្រាប់តែបុរសនោះបានជេរម្តាយខ្លួន ខ្លួនក៏បានជេរតបទៅវិញ បុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានស្ទុះមកទះនារីរងគ្រោះមួយកំផ្លៀងឱ្យដួលអុកគូទទៅនឹងថ្នល់តែម្តង។ ក្រោយពីទះកំផ្លៀងហើយ បុរសបង្កហេតុក៏បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ៕