ទីបំផុត! សំណុំរឿងនគរបាលវាយតប់ និង បាញ់គំរាមគ្នានៅខណ្ឌជ្រោយចង្វារ ត្រូវសម្រួលគ្នាបញ្ចប់

ភ្នំពេញ៖ ទីបំផុតសំណុំរឿងនគរបាលវាយតប់ បែកឈាមហើមមុខ និង បាញ់គំរាមគ្នានៅខណ្ឌជ្រោយចង្វាត្រូវបញ្ចប់ដោយការសម្របសម្រួលគ្នាត្រឹមអាជ្ញាធរខណ្ឌ ។ លោកអធិការនគរបាលខណ្ឌជ្រោយចង្វារ បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះថា រឿងនេះ បានសម្របសម្រួលគ្នាចប់ហើយដោយមានការឯកភាពពីលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងប្រចាំខណ្ឌ។

សូមបញ្ជាក់ថានគរបាលដែលវាយតប់ និងបាញ់គំរាមគ្នាដោយផ្តើមចេញពីទំនាស់ពាក្យសម្តីបន្តិចបន្តួច ទី១ឈ្មោះ យន់ ផល្លី ភេទប្រុសអាយុ ៥៤ឆ្នាំ មុខរបរ នគរបាល (ឋានន្តរសក្តិវរសេនីយ៍ទោ) ជានាយរងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការនគរបាលខេត្តកណ្ដាល មានទីលនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសបែកឈាម ហើមមុខ និងបាញ់១គ្រាប់ឡើងលើ) និងទី២ឈ្មោះ ឈួង គឹមស៊ា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ នគរបាលជាប់កិច្ចសន្យា នៃស្នងការនគរបាលរាជធានីភ្នំបពេញ បម្រើការផ្នែកចរាចរណ៍ មានទីលំនៅផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជាអ្នកវាយ)។

គួររំលឹកថា ហេតុការណ៍ហិង្សារហូតឈានដល់ការផ្ទុះអាវុធខាងលើបានកើតឡើងកាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះនគរបាលឈ្មោះ ឈួង គឹមស៊ា ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍បានឲ្យនគរបាលមូល ដ្ឋានដឹងថា នៅមុនពេលកើតហេតុគេឃើញ នគរបាលឈ្មោះ យន់ ផល្លី បើករថយន្តម៉ាកតាកូម៉ាព័ណ៌ទឹកប្រាក់ពាក់ស្លាកលេខ នគរបាល 2-4881 ដឹកឥវ៉ាន់ធ្វើផ្ទះនៅម្ដុំកន្លែងកើតហេតុ។ ឈ្មោះ យន់ ផល្លី បានបើករថយន្តមិនប្រយ័ត្នក៏ឡើងខឿនដាំបន្លែមុខផ្ទះរបស់នគរបាលឈ្មោះ ឈួង គឹមស៊ា។

ឃើញដូច្នោះឈ្មោះ ឈួង គឹមស៊ា បានយកដៃគោះរថយន្តរបស់ឈ្មោះ យន់ ផល្លីដើម្បីប្រាប់កុំឲ្យបើកបន្តទៀតព្រោះជាន់បន្លែ ស្រាប់តែឈ្មោះ យន់ ផ្លី ចុះពីក្នុងរថយន្តមកឈ្លោះគ្នា និងប្រតាយប្រតប់គ្នា។ ពេលនោះឈ្មោះ ឈួង គឹមស៊ា បានវាយឈ្មោះ យន់ ផល្លី បែកឈាម និងហើមមុខ ទើបឈ្មោះ យន់ ផល្លី ដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់។ បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ចុះទៅអន្តរាគមន៍ និងឃាត់ខ្លួនលោកនគរបាលទាំងពីរនាក់យកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីដោះស្រាយតាមនីតិវិធី ៕