ចុះបង្ក្រាបនៅក្លឹបកម្សាន្ត «ម៉ៃអាមី» យុវជន៥០នាក់ សង្ស័យពាក់ព័ន្ធ គ្រឿងញៀន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ យុវជនប្រមាណ៥០នាក់ ក្នុងនោះមានស្ត្រី១២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាប នៅក្នុងក្លឹបកម្សាន្ត យីហោ «ម៉ៃអាមី» កាលពីយប់មិញ ស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដោយការសន្និដ្ឋាន និង សាកសួរជាជំហ៊ានដំបូងនោះ នៅក្នុងចំណោមយុវជនទាំង៥០នាក់ ដែលត្រូវបានចាប់ខ្លួននេះ គឺមានពាក់ព័ន្ធនឹងគ្រឿងញៀនច្រើន ដោយសារតែនៅក្នុងប្រតិបត្តិការចុះបង្ក្រាបសមត្ថកិច្ច បានរកឃើញឧបករណ៍ប្រើប្រាស់ សម្រាប់បម្រើការជក់ថ្នាំញៀនមួយចំនួនធំផងដែរ ។

សូមបញ្ជាក់ថា កាលពីយប់ម្សិលមិញ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លឹបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ និងថ្នាំញៀនមួយចំនួនផងដែរ។

ក្លឹបកម្សាន្ត «ម៉ៃអាម៊ី» ស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបានទើបពេលនេះលោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង ។ បច្ចុប្បន្នយុវជនទាំង៥០នាក់ ដែលបង្ក្រាបបាននៅក្នុងក្លឹបកម្សាន្ត យីហោ «ម៉ៃអាម៊ី» ត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់៕