រឿងលោកផ្កាយ២យោធាបង្ខាំងកម្មករឡឥដ្ឋធ្វើទារុណកម្ម សម្រួលបញ្ចប់រឿងដោយបង់លុយឲ្យជនរងគ្រោះចំនួន៦ពាន់ដុល្លារ

ឧត្ដរមានជ័យ៖ គិតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩ ម្សិលមិញលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ បង្ខាំងកម្មករឡឥដ្ឋធ្វើទារុណកម្ម ត្រូវសម្រួលបញ្ចប់រឿងហើយ ដោយលោក សន ស៊ា ព្រមបង់លុយឲ្យជនរងគ្រោះចំនួន៦, ០០០ដុល្លារ ។

សូមជម្រាបថា ជុំវិញរឿងលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ ហាក់បីដូចជាដឹងខ្លួនឯងថាធ្វើខុសជ្រុលដៃ និង បានដាក់ បណ្ដាញ តាមសម្រួលសងលុយជនរងគ្រោះ ជាកម្មករឡឥដ្ឋចំនួន៤,០០០ ដុល្លារដើម្បីបញ្ចប់រឿងខណៈជនរងគ្រោះទាមទារសំណង១០, ០០០ ដុល្លារ ប៉ុន្ដែមិនទាន់ត្រូវគ្នាទេ បន្ទាប់ពីគ្រួសារកម្មករឡឥដ្ឋ សូមអំពាវនាវ ដល់សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមនិងរកយុត្តិធម៌ដល់ខ្លួន ។

បើតាមប្រភពពីក្រុមគ្រួសាររងគ្រោះ បានឲ្យដឹងថា ពេលនេះដំណោះស្រាយនិង បណ្ដឹង គឺនៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ព្រោះភាគីដែលរងការចោទប្រកាន់ ជាមន្ត្រីយោធាបុណ្យស័ក្ដិធំ ។

ប្រភពដដែលបន្តថា ឥឡូវលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ បានសម្រួលសង ចំនួន៤,០០០ ដុល្លារ ឲ្យមកជនរងគ្រោះដើម្បីបញ្ចប់រឿង នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ប៉ុន្តែក្រុមគ្រួសាររងគ្រោះទារសំណង១០,០០០ ដុល្លារ ទើបពុំទាន់ត្រូវគ្នាដោយគ្រួសារ រងគ្រោះមានការឈឺចាប់ខ្លាំងក្រោយត្រូវគេបង្ខាំងធ្វើទារុណកម្មជិតមួយថ្ងៃ បណ្ដាលឲ្យរបួសធ្ងន់ដេកពេទ្យនៅខេត្តសៀមរាប ។

សូមរម្លឹកថា ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី ភេទប្រុស អាយុ៣០ឆ្នាំរស់នៅសិប្បកម្មឡរឥដ្ឋ ក្នុងភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ចំណែកម្ដាយឈ្មោះ ឡាច វន ជាស្រ្ដីមេម៉ាយ អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិ បាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ស្រ្ដីជាម្ដាយបានឲ្យដឹងថា ពួកខ្លួនធ្វើជាកម្មករឡរឥដ្ឋ អស់រយ:ពេលជាង១០ឆ្នាំមកហើយទាំងម្ដាយនិងកូន ប៉ុន្ដែដើមចមដំបូងមុនកើតហេតុគឺ កាលពីព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ លោក សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ បានទិញឥដ្ឋចំនួនមួយឡាន យកទៅដាក់ដល់ទៅ៣កន្លែង នៅឆ្ងាយពីគ្នានៅក្នុងចម្ការផង នៅក្នុងបន្ទាយផង ពេលនោះកូនខ្លួន បានទូរស័ព្ទទៅថៅកែថា មេគេ ឲ្យដឹកឥដ្ឋទម្លាក់៣កន្លែង ។

ពេលនោះថៅកែថា កុំទៅអីព្រោះ លើកមុនយើងជាប់ឡានម្ដងហើយ ជិត២ថ្ងៃឯណោះ ទើបយកឡានចេញបាន បន្ទាប់មកជនរងគ្រោះបានអនុវត្តតាមបញ្ជាថៅកែ ដោយមិនបើករថយន្ត យកឥដ្ឋដើរទម្លាក់នោះទេ បែរជាខុសចិ ត្ត លោកឧត្ដមសេនីយ៍ទោ សន ស៊ា បណ្ដាលឲ្យលោក សន ស៊ា ខឹងសម្បារជាខ្លាំង ព្រោះខ្លួនធ្វើការធំ ហើយនៅតៃកុងឡានឥដ្ឋ មិនស្ដាប់បញ្ជាទៀត ភ្លាម នោះលោក បានបញ្ជាឲ្យកូនចៅខ្លួនចាប់ជនរងគ្រោះឈ្មោះ វ៉ាន់ ឆៃលី មកវ៉ៃទាត់ធាក់ឡើងទន់ខ្លួន មិនអស់ចិត្តទេលោក សន ស៊ា បានហៅមន្រ្ដីក្រោមឱវាទ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ចាប់សែងជនរងគ្រោះញាត់ចូលក្នុងឡាន យកទៅឃុំឃាំងក្នុងបន្ទាយ ។ បង្អត់បាយ និង ឲ្យលុតចង្គង់លើគ្រាប់គ្រួស រួចវ៉ៃរហូតជនរងគ្រោះរបួសធ្ងន់ក្នុងខ្លួន ហើមខ្លួន ប៉ោងក្បាល រួចចោទថា ជនរងគ្រោះញៀនថ្នាំ ។

ទន្ទឹមនិងនោះម្ដាយជនរងគ្រោះបានទៅ សុំអង្វរចង់ជួបកូនដល់បន្ទាយ និង ស្នើឲ្យដោះលែងកូនខ្លួនវិញ ប៉ុន្តែរយៈពេលកន្លះថ្ងៃទើបក្រុមទាហាន អនុញ្ញាតឲ្យជួបនិងកូន ។ ដោយឃើញកូននៅក្នុងសភាពរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ម្ដាយជនរងគ្រោះបញ្ជាក់ថា កូនគាត់ធ្វើតាមបញ្ជាថៅកែស៊ីប្រាក់ខែថៅកែសោះ ហេតុអីអាងអំណាចធំចាប់កូនគាត់ធ្វើទារុណកម្មបែបនេះទៅវិញ? ពាក់ព័ន្ធករណីខាងលើនេះគេហទំព័រ ដំណឹងយប់មិញ រង់ចាំការបំភ្លឺបន្ថែមទៀត ពីលោកឧត្ដមសេនីយ៍ទោ សន ស៊ា មេបញ្ជាការកងពលតូចលេខ៤ ដោយក្ដីរីករាយ ៕