អគ្គីភ័យឆាបឆេះឃ្លាំងស្ទុកឥវ៉ាន់មួយកន្លែងនៅខណ្ឌដូនពេញយ៉ាងសន្ធោសន្ធៅ ដោយខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ ៖ មានករណីទុស្សេខ្សែភ្លើងមួយបានកើតឡើង ដោយបង្កជាអគ្គីភ័យឆាបឆេះឃ្លាំងស្ទុកឥវ៉ាន់មួយកន្លែងក្នុងខណ្ឌដូនពេញយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំងនៅវេលាម៉ោង៣ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅជាប់ផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមសម្ដីកម្មករដែលស្នាក់នៅក្នុងឃ្លាំងស្ទុកឥវ៉ាន់ខាងលើ បានប្រាប់ឲ្យដឹងថា ដំបូងឡើយផ្ដើមចេញពីទុស្សេខ្សែរភ្លើងក្នុងឃ្លាំងខាងលើ ហើយពួកគាត់ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់មកធ្វើការបាញ់ពន្លត់ ក៏ប៉ុន្តែ ដោយសារឥវ៉ាន់ក្នុងឃ្លាំងខាងលើសុទ្ធសឹងជាឥវ៉ាន់ដែលគួរឲ្យឆាប់ឆេះ ទើបពួកគាត់មិនអាចគ្រប់គ្រងបាន ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់តែម្ដង ។

ជាមួយគ្នានោះ សមត្ថកិច្ចក៏បានចេញរថយន្តពន្លត់មកបាញ់ពន្លត់ចំនួន៣គ្រឿង ដោយបានបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់ រហូតបាញ់អស់ទឹកចំនួន២ឡានក៏គ្រប់គ្រងស្ថានការបានតែម្ដង ។ ក្នុងករណីគ្រោះអគ្គីភ័យនេះ ពុំមានមនុស្សរងរបួសនោះទេ ដោយគ្រាន់តែខូចខាតសម្ភារៈក្នុងឃ្លាំងមួយចំនួនធំតែប៉ុណ្ណោះ ហើយសមត្ថកិច្ចសមត្ថកិច្ចក៏មិនទាន់អាចសនិដ្ឋានគិតជាតម្លៃអស់ប៉ុន្មាននោះដែរ ៕