ចាប់ខ្លួនឧកញ៉ា គង់ គ្រឹង និង កូនប្រសា ពាក់ព័ន្ធ បទល្មើសព្រៃឈើ

ក្រចេះ ៖ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសា បន្ទាប់ពីសួរនាំអស់រយៈពេល ១ថ្ងៃ ពាក់ព័ន្ធ បទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ។

យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់នៃការស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌ អាចឃាត់ខ្លួនបុគ្គលដែលសង្ស័យថា បានចូលរួមក្នុងបទល្មើស។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកោះហៅឧកញ៉ា គង់ គ្រឹង ឱ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។

ឧកញ៉ា គង់ គ្រឹង មានទីលំនៅភូមិដីច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាម្ចាស់រោងសិប្បកម្ម ម៉ាត់ ណាស៊ាត ត្រូវចូលបំភ្លឺតាមពេលវេលាកំណត់ និងត្រូវនាំឯកសារពាក់ព័ន្ធទៅជាមួយផងផងដែរ។

ការកោះហៅ ឧកញ៉ា គង់ គ្រឹង ជាឈ្មួញឈើម្នាក់ដែរនោះ ត្រូវបានបញ្ជាក់ក្នុងលិខិតកោះហៅរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថា ដើម្បីដំណើរការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ត្រឹមត្រូវ។

គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបង្កើតឡើង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដែលពេលនេះកំពុងបើកប្រតិបត្តិការក្តៅគគុក ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជា៕