រន្ធត់ណាស់! ប្ដីប្រពន្ធ២នាក់មកពីទិញឥវ៉ាន់ ត្រូវរថយន្តស្ទួចខ្នាតយក្សបើកកៀរ និងកិន ស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ

ភ្នំពេញ ៖ ប្ដីប្រពន្ធ២នាក់ ត្រូវបានរថយន្តស្ទួចខ្នាតយក្សកិនប្ដីខ្ទេចខ្លួនប្រាណស្លាប់យ៉ាងអាណោចអធម៌ និងកិនប្រពន្ធបែកក្បាលធ្លាយខួរស្លាប់គួរឲ្យសង្វេក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១០០៣ កែងផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដែលបង្កឡើងដោយរថយន្តខ្នាតយក្សបើកកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល ។

សពប្ដីមានឈ្មោះ ញាណ សៅវុទ្ធី អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ឯសពប្រពន្ធនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញប្ដីប្រពន្ធជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HH-0909 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តបង្ក KATO ប្រភេទរថយន្តស្ទួចធុនធំ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 5A-0889 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយម៉ូតូជនរងគ្រោះយ៉ាងលឿន ហើយក៏ទាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យដួល ធ្វើឲ្យបុរសជាប្ដីខ្ទៀតចូលទាំងខ្លួនប្រាណចូលក្រោមកង់រថយន្តកិនបែកខ្លួនអូសជាង១០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌ រីឯប្រពន្ធក៏ត្រូវរថយន្តបង្កកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗផងដែរ ។

ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានឈប់រថយន្តបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូព្រមទាំងលុយជាង៥០០$របស់ជនរងគ្រោះ យកទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជើថគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំអនុវត្តតាមនីតិវិធី ។ចំណែកសពជនរងគ្រោះទាំងប្ដីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ចិយ ហើយប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕