Update:ដាច់ជណ្តើរយន្តសង្កត់កម្មករសំណង់ម្នាក់ស្លាប់ យ៉ាងអណោចអធ័ម នៅខណ្ឌដូនពេញ

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ដោយសារតែដាច់ជណ្តើរយន្តធ្លាក់សង្កត់លើនៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅក្បែរបេនឡានផ្សារថ្មី។ហេតុការណ៍នេះដែរបានបង្ករឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់អគារ ដែលមានទីតាំងក្បែរបេនឡានផ្សារថ្មី ផ្លូវលេខ ១២០ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ប៊ូ សុភណ្ឌ អាយុ ៣៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលម្តុំផ្សារសាំផាន់ ខណ្ឌឬស្សីកែវ និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ បុរសជាកម្មករសំណង់រងគ្រោះ រួមទាំងបុរសអ្នកធ្វើការជាមួយគ្នាម្នាក់ទៀត បាននាំគ្នាធ្វើការដោះជណ្តើរយន្តក៏ស្រាប់តែដាច់ធ្លាក់សង្កត់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ចំណែកឯបុរសម្នាក់ទៀតមិនមានរងរបួសអ្វីឡើយ។

ក្រោយពេលកើតហេតុកម្លាំងមានសម្ថកិច្ចមូលដ្ឋាន និង ជំនាញក៏បានចុះមកធ្វើរត្រួតពិនិត្យកន្លែងកើតហេតុ និង ប្រគល់សាកសពបុរសជាកម្មករសំណង៉រងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕