ជនដៃដល់ ចាក់​សម្លាប់ នាយរង​ប៉ុស្តិ៍ នគរបាល​ឃុំ​សឿ ព្រោះ​ខឹង យកប្រពន្ធ របស់ខ្លួន

បាត់ដំបង ៖ កម្លាំង​នគរបាល ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នគរបាល ខេត្ត​បាត់ដំបង សហការ ជាមួយ កម្លាំង​នគរបាល ព្រហ្មទណ្ឌ ខេត្ត​បន្ទាយមានជ័យ បានធ្វើការ ស្រាវជ្រាវ ដោយ​ប្រើ​ពេល អស់​៨​ម៉ោង ដើម្បី​តាម​ចាប់ ជនដៃដល់​ម្នាក់ ដែល ជាប់​ពាក់ព័ន្ធ នឹង​ការចាក់សម្លាប់ នាយរង​ប៉ុស្តិ៍ នគរបាល ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ពី​ព្រោះ​ខឹង​ជនរងគ្រោះ លួច​យក ប្រពន្ធ​របស់​ខ្លួន ធ្វើជា​ប្រពន្ធចុង ។​

​ស្នងការរង នគរបាល ខេត្ត​បាត់ដំបង លោក ជេ​ត វណ្ណ​នី បាន​ថ្លែង​ប្រាប់ នៅ​យប់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៤​ថា ក្រោយ​មាន​ករណី អំពើ​ឃាតកម្ម ដ៏​សហាវ​លើ មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​សឿ រួចមក ស្នងការ​នគរបាល ខេត្ត​បាត់ដំបង លោក ស ថេត និង​មាន​ការសម្របសម្រួល តាម​ផ្លូវច្បាប់ ពី​សំណាក់​ព្រះរាជអាជ្ញា នួន សាន បាន​បញ្ជា​ឲ្យ ធ្វើការ​ស្រាវជ្រាវ ជាបន្ទាន់ ដើម្ប​តាម​ចាប់ ជនដៃដល់ ។​

លោក ជេ​ត វណ្ណ​នី បាន​បន្តទៀតថា ក្រោយ​ទទួល បទបញ្ជា ពី​សំណាក់​ស្នងការ នគរបាល​ខេត្ត​រួច លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល ជំនាញ សហការ​ជាមួយ កម្លាំង​នគរបាល ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ ស្នងការរង​ម្នាក់ តាម​ឃាត់ខ្លួន ជនដៃដល់​រួប​នេះ នៅ​ឃុំ​សឿ កាលពី​វេលា​ម៉ោង ប្រមាណ ២​យប់​រំលង អាធ្រា​ត្រ ចូល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៤ ។​

​លោក ជេ​ត វណ្ណ​នី បានបញ្ជាក់​ថា ជនដៃដល់​រួប​នេះ​មាន ឈ្មោះ ហែម ហឿត អាយុ​៣៧​ឆ្នាំ ជា​ប្តី​ដើម ប្រពន្ធចុង ជនរងគ្រោះ ។ បើតាម លោក ជេ​ត វណ្ណ​នី មូលហេតុ​ដែល​នាំ​ជនសង្ស័យ ចាក់​សម្លាប់ ជនរងគ្រោះ រហូតដល់​ស្លាប់​យ៉ាង​ដូច្នេះ គឺ​បណ្តាលមកពី​រូបគេ ខឹង​នឹង ជនរងគ្រោះ លួច​មាន​ទំនាក់ទំនង ជាមួយ​ប្រពន្ធ​របស់​ខ្លួន​។​

ក្រោយ​ការចាប់ខ្លួន និង​ក្រោយ ការសួរនាំ បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន នគរបាល ខេត្ត​បាត់ដំបង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ តុលាការ​ចាត់ ការ​តាម​ផ្លូវច្បាប់ ។​

សូមបញ្ជាក់​ថា នាយរង​ប៉ុស្តិ៍​នគរបាល ឃុំ​សឿ ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ ចាក់​១​ដែកឆាប បណ្តាលឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង ៨ និង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១ មាត់​ស្ទឹង​សង្កែ ស្ថិតក្នុង​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង សង្ស័យ គំនុំ​ស្នេហា​ត្រីកោណ សព​ជនរងគ្រោះ ត្រូវ​ប្រពន្ធ​ដឹក យក​ទៅ​លំនៅដ្ឋាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

លោក​វរសេនីយ៍ឯក ជេ​ត វណ្ណ​នី ស្នងការរង នគរបាល​ខេត្ត​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ជន​មិន ស្គាល់មុខ បាន​ចាក់​សម្លាប់​នោះ​មានឈ្មោះ ស្រី វណ្ណា​រ៉ា អាយុ ៣៧​ឆ្នាំ មាន​តួនាទី​ជា​នាយរង​ប៉ុស្តិ៍​ន គ​របាល ឃុំ​សឿ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ឯក ជេ​ត វណ្ណ​នី បានបញ្ជាក់​ថា បើ​តាម​ស្ត្រី ៣​នាក់ ដែល​បាន​រួម​ដំណើរ ជាមួយ​នៅ​យប់ កើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​មាន គ្នា​ទាំង ៣​នាក់ ក្នុងនោះ មាន ប្រពន្ធចុង​ម្នាក់ មាន​មុខរបរ​ជា​សំអាងការ និង​កូនជាង ២​នាក់​ផង មក​ហូប​ចំណីអាហារ នៅ​មាត់​ស្ទឹង នាគ​បាញ់​ទឹក នៅ​ម្តុំ​សណ្ឋាគារ​ប៉ារីស ផ្លូវ​លេខ​៣ ភូមិ​សង្កាត់​ខាងលើ ។​

​បន្ទាប់មក ជនរងគ្រោះ បម្រុង ឌុប​ពួក​គេ​ទាំង ៣ នាក់ បន្ត​ទៅ​ដើរ​មើល ស្តង់​លក់​ឥ​វ៉ាន់ ពិព័រណ៍ ក្នុង​ឱកាស​បុណ្យ​អ៊ុំ​ទូក តែ​ពួកគេ​ទាំង​៣​នាក់​ថា ទុក​ឲ្យ​ពួកគេ​ដើរ​លេងៗ ទៅ​បាន​ហើយ ទុក​ឲ្យ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​គោលបំណង ចង់​ទៅ​ទិញ​ខ្សែ ក្រវ៉ាត់​១​ផង ភ្លាមៗ​នោះ​ជនរងគ្រោះ កំពុង​បណ្តើរ​ម៉ូតូ​បម្រុង​ជិះ​ទៅ ស្រាប់តែ​មាន​ជន​មិន ស្គាល់មុខ បាន​យក​ដែកឆាប​ស្រួច ចាក់​ចំ​ស្លាប​ប្រជាវ លិច​ចូល​ប្រហែល ១៥​សង់ទីម៉ែត្រ ពេលនោះ ជនរងគ្រោះ​ខំប្រឹង​ជិះ​ម៉ូតូ​បាន​ជាង ១០០​ម៉ែត្រ ដល់​ចុងស្ពាន​លោក ស ខេង ត្រើយ​ខាងលិច ក៏ បាន​ដួល​តែម្តង សន្លប់​ហូរឈាម​ជាច្រើន​លើ​ចិញ្ចឹម​ថ្នល់​តែម្តង ។​

​បន្ទាប់ពី​ជនរងគ្រោះ​បាន​ដួលសន្លប់ នោះ គឺ​នៅ​ក្បែរ​ក្រុម សមត្ថកិច្ច ដែល​ឈរជើង​ជា ប្រចាំ​នៅ​ទីនោះ ក៏​បាន​ឃើញ ហេតុការណ៍​នេះ​ភ្លាម បាន នាំ​ជនរងគ្រោះ​ទៅ សង្គ្រោះ​នៅ មន្ទីរ​ខេត្ត រួច​ជនរងគ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង ។​
​លុះ​ព្រឹក​ឡើង ទើប​ប្រពន្ធដើម ជនរងគ្រោះ មក​ដឹក​សព​យក​ផ្ទះ​វិញ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សមត្ថកិច្ច​ជំនាញ បាន​សន្និដ្ឋាន​ជាបឋម​ថា ករណី​ឃាតកម្ម​ដែល​កើតឡើង​នេះ ប្រហែល​កើត​មក​ពី​រឿង គំនុំ​ស្នេហា​ត្រីកោណ​ផង​មើលទៅ ។​

បើ​តាម​ប្រភព​ព័ត៌មាន​ផ្សេងទៀត បានឲ្យដឹងថា ប្រពន្ធចុង​ជនរងគ្រោះ ធ្លាប់​មានប្តី និង​មានកូន​២​នាក់ ហើយ ក៏​បែកបាក់​គ្នា​មក​ស្រឡាញ់ ជនរងគ្រោះ​ធ្វើ​ប្រពន្ធចុង ហើយ​ផ្លាស់​ទីលំនៅ​មក​ជួល​ផ្ទះ​នៅ​បាត់ ដំបង ដើម្បី​ប្រកប​មុខរបរ សំអាងការ និង​មាន​កូនជាង​ស្រីៗ នៅ​ជាមួយ​ផង​៕
d14371

Pheak-00017

Pheak-00018

T-0830