ជីវិតអ្នកក្រ! ខំត្រដរកស៊ីដឹកឈើខុសច្បាប់គេចពីសមត្ថកិច្ច ចៃដន្យដួលម៉ូតូ ឈើសង្កត់ស្លាប់

ខេត្តក្រចេះ៖ បុរសម្នាក់ដោយសារតែជីវភាពខ្វះខាតខំប្រឹងរកស៊ីដឹកឈើខុសច្បាប់ តាមម៉ូតូកែច្នៃដោយលួចលាក់ពីសមត្ថកិច្ចដែលកំពុងបើកប្រតិបត្តិការបង្ក្រាបជាទ្រង់ទ្រាយធំ តែចៃដន្យអាក្រក់បែរជារអឹលដួលម៉ូតូហើយត្រូវឈើសង្កត់ពីលើដងខ្លួនស្លាប់យ៉ាងអាណោចអាធ័មបំផុត ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំត្រពាំងទូក ក្នុងភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ។ ជនរងគ្រោះឈ្មោះ ឈុន ភា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូម៉ាកវេវអេស ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត ដោយមានដឹកឈើ៤ដុំធំៗ គេចពីសមត្ថកិច្ច ។ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបើកបរម៉ូតូចៀសជង្ហុក បណ្ដាលឲ្យរអិលដួលតែម្តង ហើយត្រូវឈើ៤ដុំធំៗនៅលើម៉ូតូនោះសង្កត់ពីលើ ស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ហើយបានប្រគល់ ម៉ូតូ ឈើ៤ដុំធំៗ និងសាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕