បុរសម្នាក់ដើរបោកលុយពលរដ្ឋឲ្យចូលក្របខ័ណ្ឌរដ្ឋជាង៤០ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចបញ្ជូនមកតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០១៩ បានញ្ជូនខ្លួនជនសង្ស័យម្នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ដើរបោកប្រាស់ប្រជាពលរដ្ឋឲ្យចូលក្របខ័ណ្ឌរដ្ឋ ដោយប្រមូលបានប្រាក់ជាង៤០ម៉ឺនដុល្លារ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចក្រសួងមហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សេក សុខជា បានយកឈ្មោះថ្នាក់ដឹកនាំទៅដើរបោកប្រាស់គេប្រជាពលរដ្ឋ ដើម្បីរត់ការចូលបម្រើការនៅតាមក្រសួងមួយចំនួន យកអស់ប្រាក់ប្រមាណ ៣៧ម៉ឺនដុល្លារអាមេរិក ហើយត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩កន្លងទៅ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ។

បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័ យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេស ។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕