ប្រធានសុរិយោដីខេត្តពោធិ៍សាត់ កាន់តំណែងរយៈពេល៣ឆ្នាំ កិបកេ ងលុយពុករលួយជិត៤០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានបង្ហាញរបាយ ការណ៍ថា ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយនោះ បានកិបកេងប្រាក់ពីអំពើល្មើសច្បាប់១៤០ករណី សរុបចំនួនជិត៤០ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេលកាន់តំណែង៣ឆ្នាំ។

អំពីពុករលួយដ៏សាហាវរបស់លោក លៀម ប៊ុនរឿន រយៈពេល៣ ឆ្នាំនេះបានប្រើប្រាស់ប្រាក់ដែលជាផលនៃបទល្មើសក្នុងការជួសជុល ផ្ទះ (៤០,០០០ដុល្លារ), ទិញផ្ទះពីកន្លែង (១៦៨,០០០ដុល្លារ និង៧២,០០០ដុល្លារ), ដីមួយកន្លែង (៤៤,០០០ដុល្លារ) ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០,០០០ដុល្លារ, ដូរឡាន Lexus 570 និងទិញឡាន KIA PICANTO)»។

អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តពោធិ៍សាត់ ពីឆ្នាំ២០១៦មក រហូតដល់ថ្ងៃត្រូវបានឃាត់ខ្លួន លៀម ប៊ុនរឿន បានប្រើប្រាស់ប្រាក់ដែលជាផល នៃបទល្មើសក្នុងការជួសជុលផ្ទះ (៤០,០០០ដុល្លារ), ទិញផ្ទះពីកន្លែង (១៦៨,០០០ដុល្លារ និង៧២,០០០ដុល្លារ), ដីមួយកន្លែង (៤៤,០០០ដុល្លារ) ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០,០០០ដុល្លារ, ដូរឡាន Lexus 570 និងទិញឡាន KIA PICANTO)»។

តាមរយៈសេចក្ដីជូនដំណឹង អំពីលទ្ធផលកិច្ចប្រជុំលើកទី៤៨ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែល បានឲ្យដឹងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ តាំងឡើងកាន់តំណែងនៅឆ្នាំ២០១៦ បានយកលុយសេវាក្រៅច្បាប់ ចំនួន១៤០ករណី។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់ ដែលក្នុងនោះប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដី ចំនួន៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះទៅឃាត់ខ្លួន នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។

មន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង៣រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញនោះរួមមាន៖ ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់, ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និងទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។

កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដី ខេត្តពោធិ៍សាត់ទាំង ៣នាក់ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះរួមមាន៖ ទី១៖ បទវិតិក្រម តាមក្រមព្រហ្មទណ្ឌ, ទី២៖ បទរំលោភអំណាច តាមច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងទី៣៖ បទសម្អាតប្រាក់ តាមច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញវត្ថុ៕ ប្រភពពី៖ Fresh News