ឃាត់ខ្លួនយុវតីម្នាក់រួមនឹងថ្នាំញៀន ៣៥ កញ្ចប់នៅអធិការខណ្ឌចំការមន

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនយុវតីម្នាក់ពាក់ព័ន្ធនឹងករណី ជួញដូរថ្នាំញៀន កាលពីវេលាម៉ោង២ និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែសីហាឆ្នាំ២០១៩ នៅចំណុចលូទឹកស្អុយ ផ្លូវ២៧១ សង្កាត់ផ្ដារដើមថ្កូវ ខណ្ឌចំការមន ។ យុវតីសង្ស័យមានឈ្មោះ ពិច ស្រណីត អាយុ១៥ឆ្នាំមុខរបរសិស្សថ្នាក់ទី៥ ស្នាក់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

បើតាមសម្ដីលោកយឹម ហូន អធិការរងទទួលផ្នែកគ្រឿងញៀនបានប្រាប់អោយដឹងថា នៅមុពេលកើតហេតុកម្លាំងអធិការខណ្ឌចំការមន បានធ្វើចុះល្បាតក្នុងភូមិសាស្ត្រដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែមកដល់ចំណុចកើតហេតុក៏ឃើញយុវតីខាងលើ ឈនៅចញ្ចើមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចក៏ឃាត់ខ្លួនដើម្បីឆែកឆេររកឃើញថ្នាំងញៀនចំនួន៣៥ កញ្ចប់នៅជាប់និងខ្លួន រួចក៏នាំយកមកសួរនាំនៅអធិការរដ្ឋានខណ្ឌចំការមន។

នៅចំពោះសមត្ថកិច្ចយុវតីបានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយមានបុរសម្នាក់បានអោយយកទៅលក់ដោយសន្យាថាបើលក់អស់បុរសនោះគិតនាងចំណេញក្នុងកញ្ចក់៥០០០ រៀល ។ បច្ចុប្បន្នជនសង្ស័យឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕