ទឹកស្ទឹងសង្កែកំពុងហក់ឡើងបន្តិចម្តងៗដល់កម្ពស់១៣ម៉ែត្រហើយ

បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ ម្សិលមិញ ទឹកស្ទឹងសង្កែក្រុងបាត់ដំបងបានកំពុងហក់ឡើងបន្តិចម្តងៗដល់កម្ពស់១៣ម៉ែត្រហើយ ខណ:ដែលកម្ពស់ទឹកឡើងដល់កម្ពស់ ១៣,៨០ ម៉ែត្រជាចំណុចប្រកាសជូនដំណឹងរបស់មន្ទីរជំនាញ។

ទោះជាយ៉ាងណាទឹកស្ទឹងសង្កែដែលកំពុងហក់ឡើងដូច្នេះ ហើយពុំទាន់ដល់ចំណុចដែលត្រូវប្រកាសជូនដំណឹងជាសាធារណ:នោះនៅឡើយទេ ។

បើតាមលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់តាមទូរស័ព្ទនៅវេលាម៉ោង១០:៤០នាទីថ្ងៃដដែលថា ទឹកស្ទឹងសង្កែពិតជាហក់ឡើងខ្ពស់មែនហើយទើបតែបាន១៣ម៉ែត្រគឺមិនទាន់ដល់ពេលត្រូវប្រកាសជូនដំណឹងជាសាធារណ:នោះទេ ហើយក៏មិនមែនជាការប្រកាសអាសន្ននោះដែរ។

លោក ឡុង ផលគុណ បានបន្តថា បើល្ងាចនេះនៅចំណុចខាងលើក្បាលស្ទឹងមិនមានភ្លៀងធ្លាក់បន្តទៀតទេ នោះទឹកស្ទឹងសង្កែក្រុងបាត់ដំបងនឹងមានការស្រកចុះវិញដែរ សូមប្រជាពលរដ្ឋកុំទាន់ មានការព្រួយបារម្មណ៍អី ៕