ចាប់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​

កណ្តាល​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ដែល​បាន​បណ្តាល​បុរស​៣​នាក់ រងរបួស​ធ្ងន់​-​ស្រាល កាលពី​វេលា​ម៉ោង​៩:៣០​នាទី យប់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ករណី​ខាងលើ​នេះ ពី​ដំបូង​ឡើយ ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ គឺជា​ជនរងគ្រោះ​ទេ តែ​ដោយសារ​គេ​វាយ​ជន​បង្កហេតុ​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ទើប​ក្លាយជា​ជនសង្ស័យ​វិញ រី​ឯ​ជន​បង្ក​ក្លាយទៅជា​ជនរងគ្រោះ គ្រា​ដែល​ពួកគេ​ទាំង​៣​នាក់ រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ចាក់អង្រែ ហៅ​មន្ទីរពេទ្យ​៧០០០០២ ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​អធិការ បាន​បន្តថា ជនរងគ្រោះ​ក្លាយជា​ជនសង្ស័យ ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ មានឈ្មោះ ជា វណ្ណៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជា​ជាង​កែច្នៃ​តុ​ទូ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែកឯ​ជន​បង្ក​រឿង​ក្លាយជា​ជនរងគ្រោះ មាន​ទី​១-​ឈ្មោះ ប៉ង់ រាជ ហៅ​អាទិត្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ (​រងរបួស​លើ​ផ្ទៃមុខ​-​ក្បាល​ផ្នែក​ខាងស្តាំ​) មុខរបរ​កម្មក​រលី​សែង​, ទី​២-​ឈ្មោះ ប៉ង់ ផន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ (​របួស​មុត​ថ្ងាស់​មួយកន្លែង​) មុខរបរ​កម្មក​រលី​សែង និង​ទី​៣-​ឈ្មោះ សុខ ឈីន​សៀន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម (​រងរបួស​លើ​ផ្ទៃមុខ​-​ក្បាល​ខាងស្តាំ​មួយកន្លែង​) មុខរបរ​កម្មក​រលី​សែង​។ ជនរងគ្រោះ​ខាងលើ​នេះ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ និង​ឈ្មោះ ប៉ង់ អាង ភេទ​ស្រី បាន​នៅ​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​នៅក្នុង​វង់​ផឹកស៊ី​មួយ​កន្លែង​ក្បែរ​ចំណុចកើតហេតុ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ស្រឿងៗ ហើយ​នោះ ឈ្មោះ ប៉ង់ អាង បាន​ដើរចេញ​ពី​វង់​ផឹកស៊ី​ទៅ​ជួប​ជាមួយ​ជនសង្ស័យ​ឈ្មោះ ជា វណ្ណៈ កំពុង​ឈរ​នៅ​កន្លែង​ស្ងាត់ ខណៈ​នោះ​ឈ្មោះ ប៉ង់ អាង បាន​ស្រែកសួរ​ទៅ​ជន​សង្ស័យថា «​ឯក​កំពុង​ធ្វើ​អ្វី​?» ពេល​នោះ​ជនសង្ស័យ​បាន​តប​វិញ​ថា «​ខ្ញុំ​កំពុង​និយាយ​ទូរស័ព្ទ បង​ឯង​សួរ​ខ្ញុំ​ធ្វើ​អ្វី បង​ឯង​ស្រវឹង​ហើយ​ទៅ​ដេក​ទៅ​» បន្ទាប់ពី​បាន​ឮ​យ៉ាង​ដូច្នេះ​ឈ្មោះ ប៉ង់ អាង មានក្តី​ខឹងសម្បារ​យ៉ាងខ្លាំង ក៏​បាន​រត់​ទៅ​ប្រាប់​បង​ប្អូន និង​មិត្តភ័​ក្រ​កំពុង​អង្គុយ​ផឹកស៊ី ហើយ​ក្រុម​ជនរងគ្រោះ​ក៏​បាន​លើ​គ្នា​ចេញពី​វង់​ផឹកស៊ី​ក្នុង​គោលបំណង​ទៅ​វាយ​ជនសង្ស័យ ដោយ​មាន​កាន់​កាំបិត និង​ដុំថ្ម​នៅ​ជាប់​ដៃ​ម្នាក់​មួយៗ​។​

​លោក​អធិការ បានបញ្ជាក់​បន្តថា ពេល​ទៅ​មិនទាន់​បាន​វាយ​ជនសង្ស័យ​ផង ក៏​ត្រូវ​បាន​ជនសង្ស័យ​វាយ​មុន​បណ្តាលឲ្យ​រងរបួស​ទាំង​៣​នាក់ យ៉ាងធ្ងន់ធ្ងរ​តែម្តង​។ ក្រោយពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​នគរបាល​បាន​ចុះ​ទៅ​អន្តរាគមន៍​រហូត​ឈាន​ដល់​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ដកហូត​វត្ថុតាង​កូនកាំបិត​ចុង​ស្រួច​ចំនួន​២ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ចំណែក​ឯ​ជនរងគ្រោះ ត្រូវបាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ចាក់អង្រែ​(៧០០០០២) ក្នុង​រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ កំពុងស្ថិត​នៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕
IMG-20141002-WA0029

IMG-20141002-WA0030

d17971