រដ្ឋាភិបាល​បន្ត​ភាព​ស្ងប់ស្ងាត់​ចំពោះ​ករណី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រំលោភ​ដី​ពុទ្ធសាសនបណ្ឌិត្យ

បើ​ទោះជា​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើល​បាន​អះអាង​ថា​នឹង​អភិវឌ្ឍន៍​គម្រោង​ណាហ្គា​វើល​ទី​៣ ដែល​ត្រូវ​គេ​ដឹង​ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​កាន់តែ​ធ្ងន់ ដល់​អគារ និង​ដី​បរិវេណ​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ក៏ដោយ ក៏​រដ្ឋាភិបាល ហាក់​ស្ទាក់ស្ទើរ​ចំពោះ​សកម្មភាព​ដ៏​គឃ្លើន​របស់​ក្រុមហ៊ុន​ល្បែង​នេះ ។ តំណាង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​លោក ហ្វីលីព លី ថ្មីៗ​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ស្រង់​សំដី ថា​ក្រុមហ៊ុន​ណាហ្គា​វើ​ល​នឹង​ដំណើរការ​សាងសង់​គម្រោង​ណាហ្គា​វើ​ល​ទី​៣​នៅ​លើដី​ពុទ្ធសាសនបណ្ឌិត្យ​។ ចាប់ពី​មានការ​ថ្លែង​របស់​តំណាង​ក្រុម​ហ៊ុន​ល្បែង​ណាហ្គា​វើ​ល មក​ទល់​ពេលនេះ គេ​មិនទាន់​ឃើញ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រតិកម្ម​តប​អ្វី​ជា​ដុំកំភួន​ទេ ខណៈ​គម្រោង​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​កន្លងមក បាន​ធ្វើ​ឲ្យ​ខូចខាត​ទីតាំង​ពុទ្ធសាសនបណ្ឌិត្យ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សោភ័ណភាព​អគារ​មន្ទីរ​រដ្ឋសភា​រួចទៅ​ហើយ ។

ឥរិយាបថ​តោះតើយ​របស់​រដ្ឋាភិបាល ចំពោះ​កិច្ចការពារ​សម្បត្តិ​វប្បធម៌​ជាតិ​នេះ បាន​ធ្វើ​ឲ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​យ៉ាងតិច​៣០០​អង្គ​នាក់ នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៤ បាន​​បន្ត​ធ្វើ​ការ​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ជាថ្មី​ម្តង​ទៀត ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល ។ ក្រុម​អ្នក​តវ៉ា​ជាង​៣០០​នាក់ ដែល​ធ្លាប់ធ្វើ​ការ​តវ៉ា​ទៅកាន់​ស្ថាប័ន​មួយចំនួន មិន​ទទួល​បាន​លទ្ធផល​កាល​ពី​ពេល​កន្លង​មក នៅ​ថ្ងៃ​នេះ​បាន​នាំ​គ្នា​ដង្ហែ​ញត្តិ​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា សម្តេច​ព្រះ​បរមនាថ នរោត្តសីហ មុនី ស្នើ​ឲ្យ​ព្រះអង្គ​គប្បី​ជួយ​អន្តរាគមន៍​ចំពោះ​ករណី​មួយ​នេះ​តាម​ការគួរ ។

អគារ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​១៩៩៨ គឺ​មុន​ពេល​មាន​ការ​សង់​កាស៊ីណូ​ណាហ្គា​ទៅទៀត ។ ពុទ្ធសាសនបណ្ឌិត្យ​នេះ ត្រូវ​បាន​សាង​សង់ឡើង ដើម្បី​តម្កល់ទុក​សៀវភៅ​ធម៌ និង​សៀវភៅ​ផ្សេងៗ​ទៀត សម្រាប់​ព្រះសង្ឃ និង​សិស្ស​សិក្សា​ស្រាវជ្រាវ​។ ជាង​នេះ​ទៅទៀត​អគារ​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ព្រះរាជទាន​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា​នរោត្តម សីហនុ សម្រាប់​រក្សា​ទុកជា​ប្រយោជន៍​រួម​របស់​ជាតិ ។ តែ​អគារ​ពុទ្ធសាសនបណ្ឌិត្យ​ត្រូវ​បាន​គេ​សង្កេត​ឃើញថា ក្រុមហ៊ុន​បន​ល្បែង​ណាហ្គា​វើ​ល​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​គ្រាក់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ប្រើ​អំណាច​រំលោភបំពាន​អគារ​ពុទ្ធសាសនបណ្ឌិត្យ និង​កេង​យក​ផលប្រយោជន៍​សម្រាប់​ពួកគេ ៕

buddhist institute cambodia

ដោយ មនសិការ​ខ្មែរ